រដ្ឋបាលក្រុងប៉ោយប៉ែត មានផែនការដាំបង្គោលភ្លើងគោមបំភ្លឺតាមផ្លូវចំនួន ៥០០បង្គោល
អត្ថបទ៖ ជា ថន
បន្ទាយមានជ័យ៖ បង្គោលភ្លេីង បំភ្លឺផ្លូវ ក្រុង ប៉ោយប៉ែត មាន ៥០០ បង្គោល ក្នុងនោះ តម្រង់ កែលម្អ ជួសជុល ប្តូរអំពូលភ្លេីងលើ បង្គោលចាស់ ដាក់អំពូលចំនួន ២០០អំពូល និងដាំបង្គោលភ្លេីងថ្មីថែម ចំនួន ២៥បង្គោល នៅទីប្រជុំជនក្រុងប៉ោយប៉ែត ដើម្បីបានភ្លើងភ្លឺឡើងវិញ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា រដ្ឋបាលក្រុងប៉ោយប៉ែត មានផែនការដាំបង្គោលភ្លើងគោមបំភ្លឺតាមផ្លូវចំនួន ៥០០បង្គោល ដើម្បីឱ្យក្រុងមួយនេះ មានសោភ័ណភាព និងភ្លើងភ្លឺល្អល្អះ នៅពេលរាត្រី។ ក្នុងនោះ រដ្ឋបាលក្រុង បានស្រាវជ្រាវរកនូវក្រុមហ៊ុនចាស់ ដែលដាំ បង្គោលភ្លើង តាំងពីដំបូង កាលពីជិត ១០ឆ្នាំមុន ហើយសហការជាមួយគាត់(ក្រុមហ៊ុនភូម៉ា) បានចុះរៀបចំជួសជុល កែលម្អ តម្រង់ដាំ ប្តូរអំពូលភ្លេីងលើបង្គោលចាស់ ចំនួន ២០០អំពូល និងដាក់បង្គោលភ្លេីងបន្ថែមថ្មី ចំនួន ២៥បង្គោល។
លោកបានបន្តថា ក្នុងចំណោមនោះ បានដាំថ្មី និងកែលម្អបង្គោលចាស់ ជាពិសេសចំនួន ២៧ដើម ទី១-ដាំនៅម្តុំមុខសាលាក្រុង, មុខអធិការដ្ឋានគរបាលក្រុង ៩ដើម ។ ទី២-សួនច្បារឈ្នះ ឈ្នះ សម្តេចតេជោ ប៉ោយប៉ែត ចំនួន ៩ដើម និងទី៣-នៅរង្វង់មូលព្រះនរាយណ៍ថ្មី ប៉ោយប៉ែតចំនួន ៩ ដើម។
លោកអភិបាលក្រុង បានបន្តថា ក្នុងជំហានបន្ទាប់ រដ្ឋបាលក្រុង នឹងដាំបង្គោលភ្លើងគោម បំភ្លឺផ្លូវនេះ នៅផ្លូវសំខាន់ៗ នៅខាងក្នុងៗ ចំនួន ២២០ដើមទៀត។
ចំពោះការចំណាយ និងទទួលខុសត្រូវ មានដូច្នេះគឺ ទី១-ការដាំបង្គោលចាស់ ថ្មី ជាបន្ទុករបស់ក្រុមហ៊ុន ហើយក្រុមហ៊ុន មានសិទ្ធិផ្តាច់មុខ សោហ៊ុយពីសេវាទទួលផ្ទាំង ស្ទីកគ័រ ឬប៉ាណូផ្សាយពាណិជ្ជកម្ម លើបង្គោល។ ទី២-សាលាក្រុង ទទួលចំណាយ លើការប្តូរអំពូល តខ្សែភ្ជាប់ និងលើគីឡូភ្លើង។
សូមបញ្ចាក់ថា បង្គោលភ្លើងបំភ្លឺផ្លូវ ដែលរៀបចំដាក់ក្នុងទី ប្រជុំជន ក្រុងប៉ោយប៉ែត មាននៅអមសងខាងផ្លូវជាតិលេខ៥ ចាប់ពីរង្វង់មូលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត ក្នុងភូមិក្បាលស្ពាន១ និងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ រហូតដល់បញ្ជាការដ្ឋាន រហូតដល់ បញ្ជាការដ្ឋាន នៃមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ក្នុងភូមិផ្សារកណ្តាលសង្កាត់ផ្សារកកណ្តាល។
ក្នុងនោះ រដ្ឋបាលក្រុង បានដាំបង្គោលភ្លើងបំភ្លឺផ្លូវ លើកំណាត់ផ្លូវ ជាតិលេខ៥ ដែលបានកែច្នៃ ដាក់រនាំងទ្រូវធ្វើដូចផ្លូវភ្លោះតូច នៅចំណុចមុខស្ថានីយរថភ្លើង ដល់ជិតម្តុំមុខទីស្នាក់ការ ការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នាភូមិក្បាលស្ពាន១ និងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ បច្ចុប្បន្ន៕