លោក ប្រាក់ សុផាន់ណា តន្ត្រីករដែលមានពិការភាព ម្ចាស់បទ «មានដង្ហើមមានសង្ឃឹម» ទទួលបានដីនិងផ្ទះពីទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល

សៀមរាប៖ តន្ត្រីករដែលមានពិការភាព លោកប្រាក់ សុផាន់ណា ម្ចាស់បទ «មានដង្ហើម មានសង្ឃឹម» នៅក្នុងព្រឹត្តិការណ៍បើកកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ត្រូវបានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រកាសថា នឹងប្រគល់ជូនដី និងផ្ទះមួយកន្លែងនៅក្នុងក្រុងសៀមរាប ។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រកាសបែបនេះ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ខណៈដែលលោកដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញទៅសួរសុខទុក្ខ លោក ប្រាក់ សុផាន់ណា កំពុងរស់ក្នុងក្រុងសៀមរាប។
លោក ប្រាក់ សុផាន់ណា ត្រូវបានអញ្ជើញឱ្យចូលរួមសម្តែង នៅក្នុងពិធីបើកកម្មវិធីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ កន្លងទៅផងដោយលោកបានជ្រើសរើសយកបទមានដង្ហើម មានសង្ឃឹម ដែលជាស្នាដៃនិពន្ធផ្ទាល់របស់គាត់។
ក្នុងជំនួបសំណេះសំណាលនេះដែរ លោកទេសរដ្ឋមន្ត្រី បានកោតសរសើរ លោក ប្រាក់ សុផាន់ណា ដែលមានកម្លាំងចិត្ត មិនរាថយក្នុងការតស៊ូ ជាមួយនឹងការរើសអើងនានាតាំងពីដើមរហូតមក។ នេះគឺជាកម្លាំងជំរុញចិត្កដល់អ្នកដែលជួបប្រទះ នឹងបញ្ហាដូចរូបលោកឱ្យមានកម្លាំងចិត្តក្នុងការបន្តដំណើរជីវិតទៅមុខ។ ជាមួយគ្នានេះដែរ ទេសរដ្ឋមន្ត្រី ក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឧបត្ថមថវិកាចំនួន ២.៥០០ដុល្លារអាម៉េរិក ជាមួយគ្នានោះ ប្រតិភូមរួមដំណើរ និងសប្បុរសជន ក៏បានរួមគ្នាឧបត្ថម្ភថវិកាផ្ទាល់មួយចំនួនជូន លោក ប្រាក់ សុផាន់ណា ក្នុងការទ្រទ្រង់ជីវភាពគ្រួសារ។
ដើម្បីសម្រេចនូវគោលបំណងរបស់លោក ប្រាក់ សុផាន់ណា ក្នុងការមានផ្ទះ និងដីផ្ទាល់ខ្លួនក្នុងការរស់នៅ ដោយមិនចាំបាច់ជួលគេ ទេសរដ្ឋមន្ត្រី សម្រេចឧបត្ថម្ភផ្ទះ និងដីមួយកន្លែងជូនតាមសំណូមពរ។
ទន្ទឹមនឹងនេះ ដើម្បីឱ្យជីវភាពគ្រួសាររបស់លោក សុផាន់ណា កាន់តែប្រសើរ ទេសរដ្ឋមន្ត្រី គ្រោងពិភាក្សាជាមួយនឹងផលិតកម្មបារមី ក៏ដូចជាក្រុមហ៊ុនជីបម៉ុង ក្នុងការនាំយកសមត្ថភាព និងទេពកោសល្យផ្នែកសិល្បៈតែងនិពន្ធ និងចម្រៀង របស់លោកទៅរៀបចំផលិត និងបង្ហាញជូនសាធារណជន។
ទេសរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យលោក ប្រាក់ សុផាន់ណា ត្រូវតស៊ូ និងព្យាយាមបន្តទៀតដើម្បីភាពជោគជ័យនាពេលខាងមុខ។
លោកប្រាក់ សុផាន់ណា ជាយុវជនម្នាក់កំព្រាឪពុកម្ដាយ ហើយជើងទាំងពីររបស់គាត់បានស្វិតពិការតាំងពីកុមារម្ល៉េះ។ នៅពេលដែលធ្វើដំណើរទៅណាមកណា គឺពោបនៅលើតែរទេះ។ ថ្វីត្បិតតែរូបគាត់ពិការជើងទាំងពីរដើរទៅណាមកណាមិនរួច រៀនក៏មិនបានថ្នាក់ខ្ពស់ ក៏ប៉ុន្តែ ប្រាក់ សុផាន់ណា ហាក់មិនអស់សង្ឃឹមចំពោះការតស៊ូក្នុងជីវិតទេ គឺគាត់កំពុងប្រឹងប្រែងហាត់រៀនជំនាញលេងហ្គីតាបានយ៉ាងល្អ ហើយពេលទំនេរខ្លះ គាត់ធ្វើជាគ្រូបង្រៀនលេងហ្គីតាដល់យុវជនជាច្រើននៅក្នុងខេត្តសៀមរាប ផង។
សុផាន់ណា មានស្រុកកំណើតនៅភូមិវាលល្ងើក ឃុំកំពង់ចម្លង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ឪពុកម្ដាយរបស់គាត់ត្រូវឃាតកមិនស្គាល់មុខសម្លាប់កាលពីអំឡុងឆ្នាំ១៩៩០។ ចាប់តាំងពីឪពុកម្ដាយរបស់គាត់ស្លាប់ទៅ រូបគាត់ និងបងប្អូន ៣នាក់ បានរសាត់អណ្ដែតមកជ្រកកោននៅទីក្រុងភ្នំពេញ។ ពេលអាយុ ១២ឆ្នាំ គាត់បានកើតជំងឺរលាកខួរឆ្អឹងខ្នង បណ្ដាលឱ្យជើងទាំងពីររបស់គាត់ស្វិតដើរលែងរួច រហូតមកដល់សព្វថ្ងៃនេះ។
ប្រាក់ សុផាន់ណា បានមករស់នៅក្រុងសៀមរាប តាមរយៈព្រះវិហាររបស់គ្រិស្តសាសនាមួយដែលទទួលឲ្យគាត់ស្នាក់នៅ ព្រមទាំងផ្ដល់ម្ហូបអាហារប្រចាំថ្ងៃ។
បច្ចុប្បន្ន ប្រាក់ សុផាន់ណា បានរៀនចេះលេងហ្គីតា ព្រមទាំងអាចនិពន្ធបទចម្រៀងខ្លះៗសម្រាប់សម្ដែងជូនសាធារណជនម្ដងម្កាល ព្រមទាំងថតទុកជាស៊ីឌី (CD) ផង៕
អត្ថបទ៖ ជា ស្រស់








