ព័ត៌មានជាតិ

មន្ត្រីជំនាញ ព្រមានពីការលិចលង់ក្រុងតាខ្មៅ ប្រសិនបើក្រុមឈ្មួញមិនព្រមកាយដីដែលលុបផ្លូវទឹក៣កន្លែងដ៏សំខាន់ចេញ នៅលើកំណាត់ផ្លូវក្រវាត់ក្រុងទី៣

image


ភ្នំពេញ៖ ផ្លូវទឹកឆ្លងកាត់ដ៏សំខាន់ នៅលើផ្លូវក្រវាត់ក្រុងទី៣ ដែលឆ្លងកាត់ប្រឡាយចំនួន ៣កន្លែងគឺ ប្រឡាយ ៩៤, ៩៥, ៩៦ ត្រូវបានក្រុមឈ្មួញចាក់ដីលុបបណ្តាលឱ្យរួមតូច មិនអាចរំដោះទឹកបានទាន់ពេលនៅរដូវភ្លៀងធ្លាក់។ ការណ៍នេះ មន្ត្រីជំនាញបានស្នើឱ្យក្រុមឈ្មួញឆាប់កាយដីដែលចាក់លុបនោះចេញជាបន្ទាប់ឱ្យដូចទំហំដើម បើមិនដូចនេះទេទីក្រុងតាខ្មៅនឹងត្រូវជនលិចនៅក្នុងរដូវភ្លៀងធ្លាក់នេះ។

ឈ្មួញដីដែលចាក់លុបផ្លូវទឹកនេះមានឈ្មោះ សាវ៉ាត ច័ន្ទសង្វា។ កន្លងមកបុគ្គលនេះ បានស្នើសុំចាក់ដី បំពេញដីផ្ទាល់ខ្លួនទំហំ ២០ ០០០ម៉ែត្រការ៉េ និងជម្រៅ ២ម៉ែត្រ ស្ថិតនៅភូមិទួលក្រសាំង សង្កាត់ខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ប៉ុន្តែនៅពេលចាក់ដីឈ្មួញនេះមិនបានជូនដំណឹងទៅមន្ត្រីជំនាពាក់ព័ន្ធឱ្យបានដឹងជាមុនទេ ថែមទាំងចាក់ដីលុបលើផ្លូវទឹកថែមទៀត ខុសពីគោការណ៍ណែនាំរបស់អាជ្ញាធរខេត្ត។

លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានប្រាប់អ្នកយកព័ត៌មានCNCឱ្យដឹងថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងពីការលិចលង់ក្រុងតាខ្មៅ ប្រសិនបើឈ្មួញដែលចាក់ដីលុបលើផ្លូវទឹកដ៏សំខាន់ទាំង៣ទីតាំងនេះមិនព្រមកាយដីចេញ ឬមានការយឺតយ៉ាវក្នុងការកាយដីចេញ ព្រោះនេះជារដូចភ្លៀងធ្លាក់។ ប្រសិនបើមានភ្លៀងធ្លាក់តែ ២៤ម៉ោងនោះ តំបន់នេះមិនមានផ្លូវទឹកផ្សេងដែលអាចរំដោះទឹកបានទាន់ពេលទេ ហើយការណ៍ក្រុងតាខ្មៅនឹងត្រូវលិចលង់ជាក់ជាមិនខាន។

លោក ម៉ឹង យូឡេង ក៏បានបញ្ជាក់ដែរថា លោកមានការសោកស្តាយ និងព្រួយបារម្ភជាខ្លាំងក្នុងការលុបផ្លូវទឹកនេះ។ ប៉ុន្តែលោកបានផ្ញើលិខិតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជូនទៅលោកអភិបាលខេត្តកណ្តាល ដើម្បីឱ្យជួយអន្តរាគមន៍ក្នុងករណីនេះហើយ។ ទោះជាយ៉ាងនេះក៏ដោយ លោកកំពុងតែធ្វើការតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់បំផុត។ ប្រសិនបើឈ្មួញមិនព្រមកាយដីចេញទេ លោកនឹងស្នើសុំអន្តរាគមន៍ម្តងទៀតរហូតទាល់តែមានដំណោះស្រាយ។

យោងតាមលិខិតមួយច្បាប់ របស់រដ្ឋបាលខេត្តកណ្ដាល ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានឯកភាព តាមសំណើររបស់បុគ្គល សាវ៉ាត ច័ន្ទសង្វា ស្តីពីសំណើសុំចាក់ដី បំពេញដីផ្ទាល់ខ្លួនទំហំ ២០ ០០០ម៉ែត្រការ៉េ ជម្រៅ២ម៉ែត្រ ដែលមានទីតាំងនៅភូមិទួលក្រសាំង សង្កាត់ខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងលិខិតដដែលនោះ រដ្ឋបាលខេត្ត បានណែនាំដល់បុគ្គល សារ៉ាត់ ច័ន្ទសង្វា ឱ្យអនុវត្តនូវកិច្ចការមួយចំនួនដូចខាងក្រោម៖

១. មុនចាក់ដី ត្រូវជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន និងអ្នកដែលមានដីជាប់ព្រំជាមុន។

២. មុនចាក់ដី ត្រូវដាក់លូ ឬទុកមុខទឹក សម្រាប់ដោះទឹក ក្នុងករណីទីតាំងចាក់ដីពុំមានកន្លែង សម្រាប់ដោះទឹក ជៀសវាងការលិចលំនៅដ្ឋាន និងផលដំណាំរបស់ប្រជាពលរដ្ឋនៅទីនោះ។

៣. ត្រូវគោរពតាមកិច្ចសន្យា និងចាក់ដីដាក់តែទីតាំងដែលបានស្នើសុំតែប៉ុណ្ណោះ ប្រសិនបើចាក់ ដាក់ទីតាំងកន្លែងផ្សេង ត្រូវដាក់ពាក្យស្នើសុំជាថ្មី។

៤. ក្នុងករណីមានការខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈ ឬប្រជាពលរដ្ឋ ត្រូវធ្វើការជួសជុល ឬដោះស្រាយជាមួយអាជ្ញាធរ និងអ្នកពាក់ព័ន្ធ ទៅតាមទំហំដែលបានខូចខាតជាក់ស្តែង។

៥. ដីចាក់បំពេញ អនុញ្ញាតឱ្យឱ្យទិញអាចម៌ដីពីម្ចាស់អាជីវកម្ម ដែលមានអាជ្ញាបណ្ណពីក្រសួងរ៉ែ និងថាមពល ឬរដ្ឋបាលខេត្ត ស្របតាមច្បាប់ជាធរមាន និងត្រូវគោរពតាមច្បាប់ផ្សេងៗតម្រូវ៕