កម្ពុជា-ចិន អបអរសាទរខួបគម្រប់១០ឆ្នាំ នៃការដាក់ចេញនូវគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់និងផ្លូវ” និងខួបគម្រប់៦៥ឆ្នាំ នៃការបង្កើតចំណងការទូត នៃប្រទេសទាំងពីរ
ភ្នំពេញ៖ ដើម្បីអបអរសាទរខួគម្រប់១០ឆ្នាំ នៃការដាក់ចេញនូវគំនិតផ្ដួចផ្ដើម “ខ្សែ ក្រ វាត់និងផ្លូវ” និងខួបគម្រប់៦៥ឆ្នាំ នៃការបង្កើតចំណងការទូតកម្ពុជា-ចិន នៅរសៀលថ្ងៃទី៩ ខែមិថុនានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយវិទ្យុមិត្តភាពកម្ពុជា-ចិន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន រៀបចំការសម្តែង Flash Mob ដើម្បីអបអរសាទរខួបគម្រប់១០ឆ្នាំ នៃការដាក់ចេញនូវគំនិតផ្ដួចផ្ដើម “ខ្សែ ក្រវាត់និងផ្លូវ” និងខួបគម្រប់៦៥ឆ្នាំ នៃការបង្កើតចំណងការទូតកម្ពុជា-ចិន នៅឯពហុកីឡដ្ឋានជាតិមរតកតេជោ។
អ្នកសម្ដែងក្នុងកម្មវិធីនេះ មកពីវិស័យសិល្បៈនៃប្រទេសទាំងពីរកម្ពុជានិងចិន បានសម្ដែងតាមបែបបទ Flash Mob ប្រកបដោយបរិយាកាសសប្បាយរីករាយ ជូនទស្សនិកជនកម្ពុជា ។
អ្នកសម្ដែងភាគីចិន ច្រៀងចម្រៀងចិនដែលល្បីពេញនិយមនៅក្នុងប្រទេសកម្ពុជា ដូចជាបទ “Mo Li Hua” និងបទ”The Moon Represents My Heart” ចំណែកអ្នកសម្ដែងកម្ពុជាវិញ បានច្រៀងបទ “ស្រណោះប្រទេសចិន” ដែលជាព្រះរាជនិពន្ធរបស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ហើយក៏មានការសម្ដែងល្ខោន”ប្ដូររបាំងមុខ”ចិនដ៏អស្ចារ្យផងដែរ។
ទស្សនិកជន ដែលបានទស្សនានៅទីតាំងផ្ទាល់ បានទះដៃអបអរសាទរយ៉ាងខ្លាំងផងដែរ។
ការសម្ដែង Flash Mob នេះ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយសាងសង់របស់ប្រទេសចិន។ ក្នុងនាមជាសមិទ្ធផលធំសំខាន់ក្នុងការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”រវាងកម្ពុជានិងចិន ពហុកីឡដ្ឋាននេះ គឺជាទីតាំងចម្បងក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើក៣២ និងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោថា នេះគឺជាសមិទ្ធផលដ៏ធំមួយ ក្នុងវិស័យកីឡាកម្ពុជា គឺជាផ្លែផ្កាមួយទៀតនៃមិត្តភាពកម្ពុជា-ចិន៕
ដោយ៖វង សុភ័ក្ត្រ