ប្រតិបត្តិករទេសចរណ៍ ថា គម្រោងផ្លូវល្បឿនលឿន ពីភ្នំពេញទៅសៀមរាប ប៉ោយប៉ែតនឹងផ្តល់ផ្លែផ្កាល្អសម្រាប់កម្ពុជា

អត្ថបទ៖ ជា ស្រស់
សៀមរាប៖ ប្រតិបត្តិករវិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប បានរំពឹងខ្ពស់ថា ផ្លូវល្បឿនលឿន ភ្នំពេញ សៀមរាប ប៉ោយប៉ែត នឹងផ្តល់នូវផ្លែផ្កាល្អដល់កម្ពុជា ជាពិសេសជំរុញដល់វិស័យទេសចរណ៍របស់ខេត្តសៀមរាប កាន់តែមានភាពរស់រវើកគ្រប់រដូវកាល។
ក្នុងកិច្ចសម្ភាសជាមួយ CNC, ប្រធានសមាគមក្លិបទេសចរណ៍សៀមរាប លោក សែតកៅ ហ្វីលីព បានមានប្រសាសន៍ ថា គម្រោងផ្លូវល្បឿនលឿនទី៣ របស់កម្ពុជា ពីភ្នំពេញមកខេត្តសៀមរាប និងបន្តទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាដំណឹងមួយដ៏ល្អ ជាពិសេសអ្នកខេត្តសៀមរាប ។ ព្រោះថា ផ្លូវនេះ នឹងជំរុញឲ្យអ្នកទេសចរក្នុងស្រុក មកលេងខេត្តសៀមរាបច្រើន ដោយពួកគាត់បានចំណាយពេលធ្វើដំណើរក្នុងរយៈពេលខ្លី តែអាចស្នាក់នៅ និងដើរលេងកម្សាន្តបានយូរ។
លោក ហ្វីលីព បន្តថា ជាមួយគ្នានេះផ្លូវល្បឿនលឿននេះ ក៏ជាការជំរុញសកម្មភាពទេសចរណ៍តាមផ្លូវគោក ពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត រវាងកម្ពុជា និងប្រទេសថៃ មានតម្លាភាព និងមានសកម្មភាពគ្រប់ពេលវេលាផងដែរ។
លោក ហ្វីលីព បញ្ជាក់ថា ជាមួយគ្នានេះផ្លូវល្បឿនលឿន ក៏ជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានមួយចំណែកដែរ។
សូមជម្រាបថា កាលពីថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងលើក្របខ័ណ្ឌ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាមួយ ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ របស់ចិន។នៅក្នុងពិធីចុះកិច្ចព្រមព្រៀងនេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា យ៉ាងយូរ ៦ខែទៀត ការសិក្សាលម្អិតដោយក្រុមហ៊ុមចិនលើគម្រោងផ្លូវល្បឿនលឿនទី៣ របស់កម្ពុជា ជំហានទី១ ពីភ្នំពេញទៅសៀមរាបនឹងត្រូវបញ្ចប់ ដើម្បីដាក់ជូនរាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារអន្តរក្រសួងយើងដើម្បីពិនិត្យលើទម្រង់ផ្លូវថាពីណាទៅណា កន្លែងណាមានស្ពាន ឬក៏ទាក់ទងនឹងផលប៉ះពាល់ជាដើម។ ទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់ដែរថា ចំពោះផ្លូវល្បឿនលឿនទី៣កម្ពុជាជំហានទី១ ពីភ្នំពេញទៅខេត្តសៀមរាប ដែលជាផ្លូវថ្មីនេះមានប្រវែងប្រមាណ ២៥០គីឡូម៉ែត្រ អាចនឹងត្រូវប្រើប្រាស់ថវិកាប៉ានស្មានសម្រាប់ការសាងសង់ប្រមាណ ២.៥០០លានដុល្លារ ខណៈសម្រាប់ការសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជាកន្លងទៅជាមធ្យមគឺអស់ប្រមាណ ១០លានដុល្លារក្នុង១គីឡូម៉ែត្រ។ លោកទេសរដ្ឋមន្រ្តីបានបន្ដថា សម្រាប់ផ្លូវល្បឿនលឿនទី៣នេះ គឺមានការសាងសង់២ដំណាក់កាល ដោយដំណាក់កាលទី១នេះ គឺពីភ្នំពេញទៅសៀមរាបចម្ងាយប្រមាណ ២៥០គីឡូម៉ែត្រ និងដំណាក់កាលទី២ គឺពីសៀមរាបទៅប៉ោយប៉ែតដែលនឹងមានប្រវែងមាណ ១៥០គីឡូម៉ែត្រ។
បច្ចុប្បន្នកម្ពុជាមានផ្លូវល្បឿនលឿនទី១ គឺពីភ្នំពេញទៅខេត្តព្រះសីហនុ ដែលបាននិងកំពុងប្រើប្រាស់រាល់ថ្ងៃ និងផ្លូវល្បឿនលឿនទី២ គឺពីភ្នំពេញទៅក្រុងបាវិត បានបើកការដ្ឋានសាងសាងកាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ និងផ្លូវល្បឿនលឿនទី៣នេះ គឺកំពុងសិក្សាសាងសង់៕
