ព័ត៌មានជាតិ

ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ថានឹងជំរុញល្បឿនអភិវឌ្ឍន៍ ចំណតផែកុងតឺន័រទឹកជ្រៅក្រុងព្រះសីហនុ ឲ្យក្លាយជាកំពង់ផែទឹកជ្រៅ ដែលមានសក្តានុពលមួយ របស់កម្ពុជា

image


ព្រះសីហនុ៖ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បានធ្វើការប្តេជ្ញាចិត្ត ដោយជាក់លាក់ថា ក្នុងនាមក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិក កម្មករកំពង់ផែ ថានឹងជំរុញល្បឿនអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅ ក្រុងព្រះសីហនុ ឲ្យក្លាយជាកំពង់ផែទឹកជ្រៅដែលមានសក្តានុពលមួយរបស់កម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសម្រួលដល់ការធ្វើពាណិជ្ជកម្មសម្រាប់តំបន់មេគង្គ និងពិភពលោកទាំងមូល ស្របតាមស្មារតីជំនួបពិភាក្សារបស់នាយករដ្ឋមន្ត្រីទាំងពីរ ប្រទេសជប៉ុន-កម្ពុជា កាលពីដើមខែមីនាឆ្នាំ២០២២កន្លងទៅ ទាំងនេះសបញ្ជាក់ឲ្យឃើញថាកំណើននៃការអភិវឌ្ឍរបស់កំពង់ផែ គឺមានល្បឿនកាន់តែប្រសើរឡើង នៅក្នុងឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់មកទៀត។

ការប្តេជ្ញាចិត្តរបស់ លោក លូ គឹមឈន់ បានធ្វើឡើងក្នុងឱកាសដែលកំពង់ផែ រៀបចំមហាសន្និបាតភាគហ៊ុនិក លើកទី៦ ដែលមហាសន្និបាតនេះ ធ្វើឡើងគោលបំណងសំខាន់ គឺរាយការណ៍អំពីវឌ្ឍនភាព នៃការងារអាជីវកម្ម សេវាកម្មឆ្នាំ២០២២ និងទិសដៅការងារ ដែលកំពង់ផែស្វយ័តក្រុងព្រះសីហនុ អនុវត្តន៍បន្តក្នុងឆ្នាំ២០២៣នេះ។
 
លោកប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុបញ្ជាក់បន្ថែមថា ក្រោមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានធ្វើការបោះផ្សាយ លក់មូលប័ត្រកម្មសិទ្ធិរបស់ខ្លួនជាសាធារណៈ និងបានចុះបញ្ជីលក់មូលប័ត្រជាផ្លូវការ ផ្សារមូលប័ត្រកម្ពុជា (CSX) នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ ដោយសម្រេចបានលទ្ធផលល្អជាបន្តបន្ទាប់ ដែលជាដំណើរការដ៏សំខាន់មួយ ក្នុងចំណោមការងារសំខាន់ៗទាំងអស់ ដើម្បីជំរុញដល់ការអភិវឌ្ឍកំពង់ផែ៕

ដោយ៖ ប៉ៃ សុឃីម