ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស​ ខេង​ សង្ឃឹមថា​ ក្រោយពីបញ្ចប់ការលើកកម្រិតជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២​ នឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ពលរដ្ឋ

image


ព្រៃវែង៖​ សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្ឃឹមថា​ ក្រោយពីបញ្ចប់ការលើកកម្រិតជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២​ នឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ពលរដ្ឋរស់នៅក្នុងស្រុកព្រះស្ដេច ខេត្តព្រែវែង និងពលរដ្ឋឆ្លងកាត់មកពីតំបន់នានា ទាំងការធ្វើណើរទៅមក និងដឹកទំនិញទៅកាន់ទីផ្សារក្នុងស្រុក និងតំបន់ផ្សេងៗ ជាពិសេសខ្សែផ្លូវនេះនឹងជួយលើកកម្ពស់សកម្មភាពផ្លាស់ប្ដូរពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម និងការតភ្ជាប់ប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិ ផ្លូវខេត្ត តំបន់ទីប្រជុំជន និងតំបន់ព្រំដែនផងដែរ គឺច្រកព្រំដែនបន្ទាយចក្រីជាប់ប្រទេសវៀតណាម។

សម្តេចក្រឡាហោម​ ស ខេង បានលេីកឡេីងដូចនេះ​ ក្នុងពិធីបើកការដ្ឋានលើកកម្រិត ជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២ ប្រវែង​ ២៨,៣៧២គីឡូម៉ែត្រ​ ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង ក្រោមឥណទានសម្បទាន ធនាគារអភិវឌ្ឍន៍អាស៊ី។​ សមិទ្ធផលនេះ ជាចំណងដៃថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋខេត្តព្រៃវែង ដើម្បីជួយសម្រួលការធ្វើដំណើរប្រចាំថ្ងៃ រួមទាំងការដឹកជញ្ជូនផ្សេងៗដែលជាការឆ្លុះបញ្ចាំងអំពីការអភិវឌ្ឍទៅមុខឥតឈប់ឈរនៃវិស័យហេដ្ឋរចនាសម្ព័ន្ធផ្លូវ និងស្ពាននៅកម្ពុជា។ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានប្រារព្ធពិធីបើកដ្ឋានសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាសមទ្ធិផលធំមួយទៀតបន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។

សម្ដេចក្រឡាហោម បានសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន​ ដែលខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការស្ដារ និងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ​ និងស្ពាន​ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ឱ្យដំណើរការ ការប្រកាសសម្ពោធ និងការបើកការដ្ឋាននាពេលកន្លងមក។

ផ្លូវខេត្តលេខ៣១២ នឹងត្រូវពង្រីកតួផ្លូវប្រវែងពី៤ម៉ែត្រទៅ៥ម៉ែត្រ ឱ្យដល់ទទឹងតួផ្លូវប្រវែង១២ម៉ែត្រ និងលើកកម្រិតគុណភាពពីកម្រិតផ្លូវក្រាលកៅស៊ូពីរស្រទាប់ DBST ទៅជាក្រាលកៅស៊ូ AC មានកម្រាស់៦សង់ទីម៉ែត្រទៅ៨សង់ទីម៉ែត្រ និងក្រាលបេតុងសសៃដែកកម្រាស់២៥សង់ទីម៉ែត្រ​ ដែលមានទទឹងរួម​ ១១ម៉ែត្រ មានគន្លងសម្រាប់រថយន្ត និងទោចក្រយានយន្ត២គន្លងទៅមក ព្រមទាំងដាក់លូ បំពាក់ស្លាកសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព៕


អត្ថបទ៖​ ម៉ៅ នរិទ្ធិយ៉ា