ព័ត៌មានជាតិ

ដំណឹងរីករាយ! សម្ដេចតេជោ ហ៊ុន សែន សម្រេចយកថ្ងៃទី៣០ ខែមិថុនាខាងមុខនេះ គឺជាថ្ងៃសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវ៉ាត់ក្រុងទី៣

image

អត្ថបទ លោក ហ៊ន សុភ័ក្រ

កណ្តាល៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា «ថ្ងៃ ៣០ ខែមិថុនាខាងមុខនេះ គឺជាថ្ងៃសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវ៉ាត់ក្រុងទី៣»។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន​ភ្នំពេញ-​បា​វិត និងភ្ជាប់ជាមួយនូវការបើកការដ្ឋានសាងសង់​ស្ពាន​ឆ្លងកាត់ទន្លេមេគង្គទន្លេល្វាឯម-កៀនស្វាយ នាព្រឹក​ថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ ​។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា «ហេដ្ឋារចនាសម្ព័ន្ធទាំងឡាយដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនេះ គឺដើម្បីផលប្រយោជន៍ជាប្រវត្តិសាស្ត្រតកូនតចៅច្រើនជំនាន់»។

សូមជម្រាបថា គម្រោងផ្លូវក្រវាត់ក្រុងទី៣ ដំណាក់កាលទី១ មានប្រវែងជិត ៥៣ គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ហើយនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញ។ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្រវាត់ក្រុងទី៣នេះ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩៕