ព័ត៌មានជាតិ

ផ្អាកចរាចរយាន្តជំនិះគ្រប់ប្រភេទបណ្ដោះអាសន្ន ក្នុងពិធីបើក និងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាហ្គេម

image


ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងស្តីពី ការកែសម្រួលសេចក្តីជូនដំណឹងលេខ ០៤៦/២៣ សជណ.ច ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញស្ដីពី ការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីបើក និងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដា្ឋនជាតិបរតកតេជោ។

ក្នុងសេចក្តីជូនដំណឹង នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់មហាវិថី ឈ្នះ ឈ្នះ និងសម្រួលដល់ការធ្វើអាជីវកម្មផ្សេងៗ ពិសេសសម្រាប់ប្រជាពលរដ្ឋ ដែលប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន ទៅចូលរួមទស្សនាការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានមរតកតេជោ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នក្នុងពិធីបើក និងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ជំនួសសេចក្តីជូនដំណឹងលេខ ០៤៦/២៣ សជណច ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ដែលមានខ្លឹមសារដូចខាងក្រោម៖

១-រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរ សម្រាប់ថ្ងៃពិធីបើក និងពិធីបិទ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានមរតកតេជោ ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថី ឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦ នៅថ្ងៃទី៣ និងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។

២-ក្រៅពីថៃ្ងពិធីបើក និងពិធីបិទព្រឹត្តិការណ៍ យានជំនិះគ្រប់ប្រភេទអាចធ្វើដំណើរឆ្លងកាត់កំណាត់មហាវិថីខាងលើដូចប្រក្រតី លើកលែងតែរថយន្តដឹកទំនិញធុនធ្ងន់ រថយន្តដឹកដី រថយន្តដឹកខ្សាច់ និងរថយន្តកុងតឺន័រ មិនអនុញ្ញាតឱ្យធ្វើចរាចរឆ្លងកាត់កំណាត់មហាវិថី ឈ្នះឈ្នះ ចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣៕

អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា