សុខភាព

រដ្ឋមន្រី្តក្រសួងសុខាភិបាល បំពាក់គ្រឿងឥស្សរិយយសមេដោយសហមេត្រី ជូនលោកបណ្ឌិតដែលមានស្នាដៃ ស្រាវជ្រាវ ចម្បងផ្តោតលើជំងឺឆ្លង និងជំងឺឱកាសនិយម

image

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស មេដាយសហមេត្រី ថ្នាក់ធិបឌិន្ទ ជូនលោកបណ្ឌិត Olivier Segeral(អូលីវយ៉េ សេហ្សេរ៉ាល់)។
លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានអនុញ្ញាតរាយការណ៍ដោយសង្ខេបនូវប្រវត្តិការសិក្សា ការងារ និងស្នាដៃ របស់លោកបណ្ឌិត Olivier Segeral។ ចាប់តាំងពីឆ្នាំ១៩៩៩មក លោកបណ្ឌិត Olivier Segeral បានចាប់ផ្តើមអនុវត្តការងារ ស្រាវជ្រាវ ដែលការងារស្រាវជ្រាវជាចម្បងរបស់គាត់ ផ្តោតលើ ជំងឺឆ្លង រួមមាន Ebola virus, HIV, Hepatitis, និងជំងឺឱកាសនិយមផ្សេងៗទៀត។ តាមរយៈកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និង A.N.R.S (Agence Nationale de Recherche sur le sida et les hépatites virales) នៅឆ្នាំ២០១៥ លោកបណ្ឌិត Olivier Segeral បានមកបំរើការងារ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្នុងតួនាទីជាអ្នកជំនាញការបច្ចេកទេសអន្តរជាតិ។
លោកបណ្ឌិត បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាល និងស្រាវជ្រាវ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ លោកបណ្ឌិត បានជួយសម្របសម្រួលភាពជាដៃគូ និងបណ្តាញស្រាវជ្រាវ រវាងសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ជាមួយស្ថាប័នស្រាវជ្រាវផ្សេងៗ ទាំងក្នុងនិង ក្រៅប្រទេស ព្រមទាំងបានជួយសម្របសម្រួល ជាមួយស្ថាប័នផ្តល់ជំនួយនានា។ សម្របសម្រួលដល់ការអភិវឌ្ឍវិធីសាស្ត្រស្រាវជ្រាវ និងដំណើរការអនុវត្តគម្រោងស្រាវជ្រាវនានា ដែលរួមមាន៖ លើកសំណើគម្រោងស្រាវជ្រាវស្នើសុំថវិកាចំនួន ១១សំណើគម្រោង និងទទួលបានការគាំទ្រថវិកាពី A.N.R.S ចំនួន១០គម្រោង សរុបជាង២លានអឺរ៉ូ។ បានបណ្តុះបណ្តាល និងដឹកនាំ និក្ខេបបទដល់និស្សិត និងបុគ្គលិក នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល អំពីវិធីសាស្ត្រនៃការស្រាវជ្រាវ និងរបៀបសរសេរ គម្រោងស្រាវជ្រាវ បានជាង១០០នាក់ និងបានគាំទ្រដល់ការផ្សព្វផ្សាយលទ្ធផលសិក្សាស្រាវជ្រាវ ចំនួន ២០បទបង្ហាញ។លោកបណ្ឌិត Olivier Segeral បានបញ្ចប់បេសកកម្មរបស់លោក នៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ក្នុងឆ្នាំ២០២២ និងបច្ចុប្បន្នកំពុងបំរើការងារជាអ្នកស្រាវជ្រាវ នៅមន្ទីរពេទ្យ សាកលវិទ្យាល័យ Geneva ប្រទេសស្វីស។
ក្នុងឱកាសនេះលោក សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្ត បានថ្លែងថា ដើម្បីបង្កើនគុណភាព នៃការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គាំទ្រយ៉ាងពេញទំហឹង ដោយផ្តល់អាទិភាពខ្ពស់ដល់វិស័យសុខាភិបាល ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយសមត្ថភាព ដែលនេះនឹងនាំមកនូវភាពរឹងមាំ នៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ក្រសួងសុខាភិបាលលើកទឹកចិត្តឱ្យសាស្ត្រាចារ្យ និស្សិតសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ខិតខំធ្វើការសិក្សាស្រាវជ្រាវជាប្រចាំ ដើម្បីសម្រួចទាំងចំណេះដឹង ទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង ឱ្យកាន់តែប្រសើរឡើង សំដៅបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ។ វត្តមានរបស់លោកបណ្ឌិត Olivier Segeral នាពេលកន្លងមក និងវត្តមានរបស់លោកសី្រ បណ្ឌិត Emilie MOSNIER នាពេលបច្ចុប្បន្ន នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង ក៏ដូចជាកិច្ចសហ ប្រតិបត្តិការល្អរវាងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល អង្គការ ANRS និងស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ៕
ដោយ៖​ គង់ វណ្ណៈ