កីឡា

នាយកប្រតិបត្តិក្លិប Bayern Munich ត្រូវបានបញ្ចប់ពីតំណែង

image



នាយកប្រតិបត្តិក្លិប Bayern Munich លោក Oliver Kahn ត្រូវបានបញ្ចប់ពីតំណែង ខណៈអនុប្រធានក្លិបលោក Jan-Christian Dreesen ត្រូវតែងតាំងកាន់តំណែងប្រតិបត្តិនេះវិញ។

លោក Kahn ដែលបានកាន់តំណែង នាយកប្រតិបត្តិក្លិប Bayern Munich តាំងពីឆ្នាំ ២០២០ មកត្រូវបានក្រុមប្រឹក្សាភិបាលក្លិប សម្រេចបញ្ចប់ពីមុខតំណែង កាលពីថ្ងៃសុក្រសប្ដាហ៍មុន មួយថ្ងៃមុនពេលដែលក្លិបលើកពាន Bundesliga។ ក្រៅពីលោក Oliver Kahn ប្រធាននាយកដ្ឋានកីឡា លោក Hasan Salihamidzic ក៏ត្រូវបានបញ្ចប់តំណែងផងដែរ។

ក្លិប Bayern Munich មិនបានបញ្ជាក់ពីមូលហេតុនៃសេចក្ដីសម្រេចនូវការបញ្ចប់ការងារថ្នាក់ដឹកនាំកំពូលៗរបស់ក្លិបទាំងពីររូបនេះឡើយ។ យ៉ាងណា មានការបង្ហើបថា ក្រុមប្រឹក្សាភិបាលមិនសប្បាយចិត្តនឹងការដឹកនាំរបស់ លោក Kahn និង លោក Salihamidzic លើបញ្ហាធំៗ ដូចជា ការធ្លាក់ទម្រង់លេងរបស់ក្លិប ការទិញលក់កីឡាករមិនសូវល្អ និងការបញ្ចប់តំណែងគ្រូបង្វឹក លោក Julian Nagelsmann ហើយជំនួសមកវិញដោយ Thomas Tuchel ជាដើម។

Bayern Munich ហាក់ធ្លាក់ទម្រង់លេងក្នុងរដូវកាលនេះ។ ក្លិបបានធ្លាក់ចេញពីការប្រកួតធំៗដូចជា UEFA Champions League តាំងពីលោក Tuchel មកដឹកនាំកាលពីចុងខែមីនា។
បើទោះបានឈ្នះលីគកំពូលអាល្លឺម៉ង់ក្នុងរដូវកាលនេះក្ដី ការឈ្នះនេះគឺទាំងលំបាកលំបិន ពោលគឺដោយសារតែ Dortmund មិនអាចយកឈ្នះ Mainz នៅប្រកួតចុងក្រោយប៉ុណ្ណោះ។

ទោះជាយ៉ាងណា ការឈ្នះលីគឆ្នាំនេះ មានន័យថា Bayern Munich ឈ្នះពាន Bundesliga ១១ ឆ្នាំជាប់ៗគ្នា ដែលជាកំណត់ត្រាដ៏កម្រក្នុងលីគកំពូលទាំង ៥នៅអឺរ៉ុប៕