អភិបាលខេត្តស្ទឹងត្រែង អំពាវប្រជាពលរដ្ឋចូលរួមថែរក្សានូវសុខសន្តិភាព និងថែរក្សានូវរាល់សមិទ្ធផលនានាដែលរាជរដ្ឋាភិបាលសម្រេចបាន

ស្ទឹងត្រែង៖ លោក ស្វាយ សំអាង អភិបាលខេត្តស្ទឹងត្រែង បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមថែរក្សានូវសុខសន្តិភាព និងថែរក្សានូវរាល់សមិទ្ធផលនានាដែលរាជរដ្ឋាភិបាលសម្រេចបាននាពេលកន្លងមក និងសមិទ្ធផលដែលរាជរដ្ឋាភិបាលកំពុងតែបន្តអនុវត្តជាបន្តបន្ទាប់រៀងរាល់ថ្ងៃ។
ការថ្លែងនេះរបស់លោក ស្វាយ សំអាង នៅក្នុងពីបើកការដ្ឋានសាងសង់ផ្លូវក្រាលក្រួសក្រហម ១ខ្សែ នៅតាមបណ្ដោយមាត់ទន្លេសេកុង ប្រវែង ២១.០០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតភូមិសាស្ត្រសង្កាត់សាមគ្គីក្រុងស្ទឹងត្រែងឆ្ពោះទៅភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវបានពិធីបើកការដ្ឋានស្ថាបនា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។
លោកអភិបាលខេត្តស្ទឹងត្រែង បានថ្លែងថាក្រោមការដឹកនាំដ៏ប៉ិនប្រព្វរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានគិតគូរដើម្បីដោះស្រាយសំណូមពរ និងតម្រូវការចាំបាច់របស់ បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាមូលដ្ឋានក្នុងខេត្ត ដែលកំពុងជួបការលំបាក ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនផ្លាស់ប្តូរទំនិញគ្រប់ប្រភេទដោយងាយស្រួល ជាពិសេសគោលដៅតភ្ជាប់ផ្លូវពីទីប្រជុំជននៅជនបទ រួមចំណែកកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជាការលើកកំណើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។
លោកស្វាយ សំអ៊ាង បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរយ៉ាងខ្ពស់ការកសាងការអភិវឌ្ឍប្រទេសជាតិ ដែលយើងកំពុងតែត្រូវការជាចាំបាច់នូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគ្រប់បែបយ៉ាង។លោកថារយៈជាង២០នេះប្រទេសកម្ពុជាមានភាពរីកចម្រើនខ្លាំង ជាក់ស្តែងខេត្តស្ទឹងត្រែងមានផ្លូវមានស្ពានជាច្រើនកន្លែង មានទាំងស្ពានបេតុង ស្ពានឈើ និងស្ពានឆ្លងកាត់ទន្លេចំនួន២ ព្រមទាំងមានផ្លូវស្ពានរហូតដល់តំបន់ព្រំដែនទៀតផងដែរ។
លោកអភិបាលស្រុកសេសាន បានបញ្ជាក់ថាភូមិស្រែតាប៉ានគឺជាភូមិមួយក្នុងចំណោមភូមិទាំង២២នៃស្រុកសេសាន ដែលមានភូមិសាស្ត្រលំបាកជាងគេ ដាច់ស្រយ៉ាលជាងគេ ដោយមានទន្លេចំនួន២ ជាហេតុបង្ករការលំបាកដល់ប្រជាពលរដ្ឋដែលរស់ក្នុងភូមិនេះ មកទទួលសេវានៅរដ្ឋបាលឃុំ ពួកគាត់ត្រូវឆ្លងទន្លេសេកុងផង និងទន្លេសេសានផង។ ក្នុងនាប្រជាពលរដ្ឋ លោកបានថ្លែងអំណគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្តដែលបានយកចិត្តទុកដាក់អនុវត្តគម្រោងស្ថាបនាផ្លូវនេះ។
សូមបញ្ជាក់ផងដែរថាការដ្ឋានស្ថាបនាផ្លូវក្រាលក្រួសក្រហម ១ខ្សែនេះ ជាផ្លូវស្ថិតនៅតាមបណ្ដោយមាត់ទន្លេសេកុង មានប្រវែង ២១.០០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ព្រមទាំងដាក់លូប្រអប់ភ្លោះកាត់ផ្លូវមុខកាត់ ៣ម៉ែត្រ គុណ ៣ម៉ែត្រ ប្រវែងសរុប ៣០ម៉ែត្រចំនួន ២កន្លែង ដាក់លូប្រអប់ភ្លោះកាត់ផ្លូវមុខកាត់ ១,៥ម៉ែត្រ គុណ ១,៥ម៉ែត្រ ប្រវែង ១៥ម៉ែត្រ ចំនួន១កន្លែង ដាក់លូមូលទោលកាត់ផ្លូវមុខកាត់ ១ម៉ែត្រ ប្រវែង ១៥ម៉ែត្រ ចំនួន ១កន្លែង ស្ថិតនៅសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង និងឃុំសាមឃួយ ឃុំស្តៅ ស្រុកសេសាន និងជាការបើការដ្ឋានស្ថាបនាស្ពានដែកបាឡេ ៣កន្លែង ប្រវែងសរុប ១២០ម៉ែត្រ ទទឹង ៤,១ម៉ែត្រ ស្ថិតនៅឃុំអូររ និងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់៕
អត្ថបទ៖ ម៉ាក មេត្តា
