សមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំរយៈពេល៥ថ្ងៃរបស់សហរដ្ឋអាម៉េរិក-កូរ៉េខាងត្បូង នៅតែបន្តធ្វើរួមគ្នា

សហរដ្ឋអាម៉េរិក៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានលើកឡើងថា កងកម្លាំងកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ដោយរួមបញ្ចូលវត្តមានកងទ័ពរាប់ពាន់នាក់ និងរថពាសដែកយោធារាប់រយគ្រឿង ដោយរៀបចំឆាកល្ខោនប្រៀបដូចជា "ការវាយប្រហារទ្រង់ទ្រាយធំ" ពីប្រទេសកូរ៉េខាងជើង។
ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់បន្ថែមថា សមយុទ្ធរយៈពេល៥ថ្ងៃ បានចាប់ផ្តើមនៅទីក្រុងពូឈិន (Pocheon) ក្បែរព្រំដែនកូរ៉េខាងជើង ដោយមានវត្តមានចូលរួមពីទាហានកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកប្រមាណជា ២,៥០០នាក់ និងមានចល័តរថពាសដែក កាំភ្លើងធំ និងយន្តហោះចម្បាំងជាច្រើនគ្រឿង ។
កងកម្លាំងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង រហូតមកដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅតែបន្តអនុវត្តការហ្វឹកហ្វឺនយោធាតាមទម្រង់ផ្សេងៗគ្នា រួមទាំងសមយុទ្ធផ្លូវអាកាស និងសមយុទ្ធតាមដែនសមុទ្រ ដោយប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក (B-1B) របស់អាម៉េរិកនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះក្រោយពីកិច្ចខិតខំប្រឹងប្រែងពង្រឹងការទូត និងបន្ទាប់ពីសមយុទ្ធជាច្រើនបានកាត់បន្ថយដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ ។
ដោយឡែក កូរ៉េខាងជើង ហាក់មានប្រតិកម្មជាខ្លាំង បន្ទាប់ពីសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងតែងតែធ្វើសមយុទ្ធរួមគ្នាឥតដាច់សូរ ។ បន្ថែមពីនេះ មេដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន (Kim Jong Un) បានអះអាងថា គម្រោងបាញ់បង្ហោះផ្កាយរណបចារកម្មដំបូងបំផុតរបស់កូរ៉េខាងជើង គឺជារឿងចាំបាច់ ដើម្បីទប់ទល់នឹងការគំរាមកំហែងពីប្រទេសជិតខាង រួមមានកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
