ព័ត៌មានអន្តរជាតិ

អ្នកភូមិនៅឥណ្ឌាប្រថុយគ្រោះថ្នាក់ចូលទៅក្នុងអណ្តូងដើម្បីយកទឹកមកប្រើប្រាស់

image


ឥណ្ឌា៖ ប្រជាពលរដ្ឋនៅស្រុកណាស៊ីក (Nashik) ក្នុងរដ្ឋមហារាស្ត្រ ឬម៉ាហារ៉ាស្ត្រា (Maharashtra) នៃភាគខាងលិចប្រទេសឥណ្ឌា បានលើកឡើងថា ពួកគេត្រូវការទឹកស្អាត ។ អ្នកស្រុកលើកឡើងបែបនេះ ខណៈដែលពួកបង្ខំចិត្តប្រថុយគ្រោះថ្នាក់សម្រូតខ្លួនចូលទៅក្នុងអណ្តូង ដើម្បីតែយកទឹកមកប្រើប្រាស់ ទោះស្ថិតនៅក្រោមអាកាសធាតុក្តៅបែបណាក៏ដោយ ។

អ្នកនាងរ៉េសម៉ា ហ្គាលិ (Reshma Gauli) មេភូមិកូស៊ីមផាដា (Koshimpada) ក្នុងស្រុកណាស៊ីក (Nashik) នៅថ្ងៃពុធសប្តាហ៍នេះ បាននិយាយថា ស្ត្រីៗនៅក្នុងភូមិកំពុងតែប្រថុយជីវិត ក្នុងចំណោមពួកគេមានអ្នកប្រថុយគ្រោះថ្នាក់ តាមរយៈការសម្រូតខ្លួនចុះពីមាត់អណ្តូងក្នុងភូមិ ដោយប្រើខ្សែពួរ ដើម្បីតែអាចទម្លាក់ខ្លួនទៅដល់ប្រភពទឹកស្ទើតែនៅបាតអណ្តូង ក្រោមគោលបំណងតែមួយគត់ គឺយកទឹកមកប្រើប្រាស់ ទោះបីជាដឹងហើយថា ទឹកនៅបាតអណ្តូងជាទឹកមិនស្អាតក៏ដោយចុះ ។

បន្ទាប់ពីយកទឹកពីបាតអណ្តូងមកហើយ ស្ត្រីអ្នកភូមិ ក៏បានយកទឹកមកច្រោះតាមតម្រង់មួយតង់ទៀត ដើម្បីយកទៅប្រើប្រាស់ ។

ដោយឡែក រដ្ឋបាលសហព័ន្ធប្រចាំរដ្ឋមហារាស្ត្រ បានអះអាងថា ប្រភពទឹកស្អាតនឹងបន្តចែកចាយទៅដល់ភូមិក្នុងពេលឆាប់ៗខាងមុខ។
លោកវិជ័យគូម៉ាហ្គាវីត (Vijay Kumar Gavit) និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍កុលសម្ព័ន្ធនៃរដ្ឋមហារាស្ត្រ (Maharashtra) បានបញ្ជាក់ថា "ប្រព័ន្ធទឹកស្អាតនឹងភ្ជាប់ទៅដល់ក្នុងភូមិ និងផ្ទះរបស់អ្នកភូមិក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ ដូច្នេះ នៅទីនោះ នឹងមានទឹកប្រើប្រាស់បានជាធម្មតា ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect