សម្ដេចនាយករដ្ឋមន្ដ្រី អំពាវនាវឲ្យ ប្រជាពលរដ្ឋទាំងអស់ ចូលរួមគាំទ្រព្រឹត្តិការណ៍ប៉ារ៉ាហ្គេមដែលជាកីឡាជនពិការ ខណៈកម្ពុជាធ្វើម្ចាស់ផ្ទះ ពិធីបើកបិទដូចស៊ីហ្គេមដែរ

អត្ថបទ៖ វឿន សាវុធ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវដល់កម្មករ កម្មការិនី ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ចូលរួមគាំទ្រនូវព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ខណៈធ្វើពិធីបើកព្រឹត្តិការណ៍កីឡាពិការនេះ នឹងធ្វើនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយករដ្ឋមន្ដ្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
«នៅយល់តែ៨ថ្ងៃទៀតទេក្មួយៗ អាស៊ានប៉ារ៉ាហ្គេម គឺការប្រកួតកីឡាជនពិការនឹងមកដល់ ក្មួយៗទាំងឡាយត្រូវផ្តល់ការគាំទ្រ លើកទឹកចិត្តឲ្យកីឡាជនពិការរបស់យើង មិនខុសពីកីឡាដែលមានកាយសម្បទាល្អនោះទេ។ ចំណុចនេះត្រូវរៀបចំលិខិតឲ្យមកក្រសួងការងារចែកឲ្យកម្មករ ព្រោះយើងបើក និងបិទអត់មានអ្វីខុសពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមទេ!»។ នេះជាប្រសាសន៍របស់សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ការថ្លែងនេះរបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិត ២ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចនឹងជួបសំណេះសំណាលជាមួយ អត្តពលិកកីឡាជនពិការរបស់កម្ពុជា ដែលនឹងត្រូវចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី៣ ដល់ ទី៩ ខែមិថុនា ខាងមុខនេះ។
សម្តេចតេជោ បានលើកឡើងថា ប្រធានបទ «កីឡារស់ក្រោមសន្តិភាព» គឺជាប្រធានបទដែលត្រឹមត្រូវបំផុត ព្រោះកាលណាមានសង្គ្រាម កុំថាឡើយកីឡា សូម្បីការរស់នៅក៏ពិបាកដែរ ដូច្នេះសូមថែរក្សា«សន្តិភាព»ឲ្យបានគង់វង្ស។
សម្តេចនាយករដ្ឋមន្ដ្រី ក៏បានឲ្យដឹងថា ក្រុមកីឡាករ កីឡាការិនីដែលនឹងចូលរួមប្រកួតព្រឹត្តិការណ៍ ប៉ារ៉ាហ្គេមនឹងមកពី១១ប្រទេសបូកទាំងកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមជម្រាបថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នឹងចាប់ផ្ដើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានកីឡា ១៤ប្រភេទ ត្រូវបានដាក់ឲ្យធ្វើការប្រកួតលើវិញ្ញាសាជាង៤០០ រួមមាន កីឡាអត្តពលកម្ម, ហែលទឹក, វាយសី, ប៊ូស្យា, អុក, បាល់ទាត់បុរស(៥ម្ខាង), បាល់ទាត់បុរស (៧ម្ខាង), បាល់បោះពិការភ្នែក, យូដូ, លើកទម្ងន់, វាយកូនឃ្លីលើតុ, បាល់ទះអង្គុយ, បាល់បោះជិះរទេះ និង កីឡាអេឡិចត្រូនិក(E-Sports)។
សម្រាប់កម្ពុជាមានកីឡាករ កីឡាការិនីចំនួនជាង២០០នាក់ចួលរួមប្រកួត។
កាលពីកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ កម្ពុជាដណ្ដើមបានមេដាយសរុប ២៨គ្រឿង រួមមានមេដាយមាស ៧ ប្រាក់១០ និងសំរឹទ្ធ ១១គ្រឿង៕
