ព័ត៌មានជាតិ

អភិបាលរងខេត្តបាត់ដំបង សំណូមពរដល់ព្រះសង្ឃគ្រប់អង្គ ពេលមានវិវាទសូមកុំផ្សព្វផ្សាយលើសង្គមហ្វេកបុក ព្រោះហ្វេកបុកគឺជាការបង្ហាញពីភាពអន់ថយទៅវិញទេ

image


បាត់ដំបង ៖ អភិបាលរងខេត្តបាត់ដំបង លោក ធូ ភា បានថ្លែងនូវការធ្វើសំណូមពរដល់ព្រះសង្ឃគ្រប់អង្គ សូមកុំយកបណ្តាញសង្គម Facebook ធ្វើជាការផ្សព្វផ្សាយ ព្រោះបណ្តាញសង្គម Facebook
ពេលផ្សព្វផ្សាយទៅ គឺជាការបង្ហាញពីភាពអន់ថយទៅវិញទេ ។

ថ្លែងនៅក្នុងពិធីបិទការផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣០ និងបើកបវេសនកាលពុទ្ធិកបឋមសិក្សាឆ្នាំសិក្សា២០២៣-២០២៤ ដែលបានធ្វើឡើងនាល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅសាខាពុទ្ធិកៈសាកលវិទ្យាល័យព្រះសីហនុរាជខេត្តបាត់ដំបង ។

លោក អភិបាលរងខេត្តបាត់ដំបង បានលើកបញ្ជាក់ថា សម័យនេះជាសម័យឌីជីថល ដែលគេប្រើប្រាស់បណ្តាញសង្គម Facebook ច្រើន ។ លោក ធូ ភា បានធ្វើសំណូមពរដល់ព្រះសង្ឃគ្រប់អង្គ បើមានបញ្ហាវិវាទអ្វីនៅក្នុងទីអារាម សូមដោះស្រាយជាមួយគ្រូសូត្រស្តាំ គ្រូសូត្រឆ្វេង ក្រោមម្លប់ព្រះចៅអធិការវត្ត ហើយបើករណីមានវិវាទជាមួយគ្រូសូត្រស្តាំ គ្រូសូត្រឆ្វេង ឬជាមួួយព្រះចៅអធិការវត្ត ត្រូវធ្វើការដោះស្រាយនៅសាលាអនុគណក្រុង បើដោះស្រាយមិនបានទេ ត្រូវបន្តដោះស្រាយដោយសន្តិវិធីនៅសាលាគណខេត្ត ហើយក្នុងករណីចាំបាច់មន្ទីរកិច្ចការសាសនាខេត្ត និងរដ្ឋបាលខេត្ត ត្រូវចូលរួមក្នុងការសម្របសម្រួលលើបញ្ហានេះ ។

លោក ធូ ភា បានបញ្ជាក់ថា យ៉ាងណា សូមកុំយកបណ្តាញសង្គម Facebook មកធ្វើជាការផ្សព្វផ្សាយបញ្ហាវិវាទទាំងនោះ ព្រោះបណ្តាញសង្គម Facebook
ពេលផ្សព្វផ្សាយទៅ គឺជាការបង្ហាញពីភាពអន់ថយទៅវិញទេ ។

លោក បានលើកឡើងថា កន្លងទៅទាំងមន្ត្រីរាជការ ទាំងប្រជាពលរដ្ឋ ពេលមានបញ្ហាផ្ទាល់ខ្លួន ឬបញ្ហាអន់ចិត្តអ្វីមួយ បានប្រើប្រាស់បណ្តាញសង្គម Facebook ដើម្បី Drama មានន័យថា បណ្តាញសង្គម Facebook មិនបានជួយអ្វីបានទេ ក្រៅពីជួយក្នុងការពង្រីកអំពីការវាយតម្លៃភាពអន់ថយនៃការដោះស្រាយតែប៉ុណ្ណោះ ។

ពាក់ព័ន្ធនឹងសំណូមពរមួយចំនួនដែលអង្គផ្សព្វផ្សាយអនុសំវច្ឆរបានលើកដូចជា បញ្ហាដាក់ស្លាក ការលក់ដូរគ្រឿងស្រវឹងនៅវិញទីអារាម បញ្ហាអ្នករស់នៅក្នុងវត្តពី១គ្រួសារ តកូនចៅ៤ឬ៥គ្រួសារ និងបញ្ហានៅទីវត្តខ្លះ មិនទាន់មានប្លង់ដីច្បាស់លាស់ជាដើម ត្រូវបានលោក ធូ ភា ទទួលយកទាំងអស់ ដើម្បីធ្វើការដោះស្រាយប្រគេនជូនដោយត្រូវមានការសហការជាមួយរដ្ឋបាលក្រុង សង្កាត់ និងអង្គភាពពាក់ព័ន្ធនានា និងត្រូវដោះស្រាយពីមួយជំហានទៅមួយជំហានដោយសន្តិវិធី ។

សូមបញ្ជាក់ថា តាមរយៈនៃការផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣០នេះក្នុងគោលបំណង ដើម្បីបូកសរុបសកម្មភាព និងពិនិត្យលើលទ្ធផលនៃការអនុវត្តប្រកាសអនុសំវច្ចរមហាសន្និបាតមន្ត្រីសង្ឃកន្លងមកដោយមានកិច្ចពិភាក្សា និងផ្លាស់ប្តូរយោបល់លើការងារព្រះពុទ្ធសាសនា នាពេលបច្ចុប្បន្ន និងលើកទិសដៅសម្រាប់អនុវត្តឆ្នាំបន្តសំដៅពង្រឹងរចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រង ការអនុវត្តរាល់លិខិតបទដ្ឋានគតិយុត្ត ដែលមានស្រាប់ និងជួយពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សា ការផ្សព្វផ្សាយមេត្តាធម៌ ព្រះវិន័យ និងដើម្បីអភិវឌ្ឍន៍ធនធានបព្វជិតសំដៅធ្វើយ៉ាងណាឱ្យវិស័យព្រះពុទ្ធសានាក្នុងក្រុងបាត់ដំបង មានការរីកចម្រើន និងស្ថិតថេរគង់វង្ស សក្តិសមជាទីគោរពបូជារបស់ពុទ្ធបរិស័ទ ៕

ដោយ ៖ ឡាច សុគន្ធាវី