ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី អំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមផ្តល់កម្លាំងចិត្ត ដល់អត្តពលិកមានពិការភាព ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារាហ្គេម លើកទី១២

image

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី សមាជិកសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសរសេរលើផេកហ្វេសប៊ុក របស់លោកមានខ្លឹមសារបញ្ជាក់ថា "ខ្ញុំនៅចាំសម្តីរបស់ប្រធានសមាគមប៉ារ៉ាឡាំពិកឥណ្ឌូនេស៊ី ដែលបានលើកឡើងថា អាស៊ានប៉ារ៉ាហ្គេម ក្រៅពីរឿងឈ្នះ-ចាញ់ ក៏ជាឱកាស ដែលធ្វើឱ្យអត្តពលិក ដែលមានពិការភាព មានអារម្មណ៍ថាពួកគាត់ធម្មតា ដូចគេដូចឯង"។
លោក ហ៊ុន ម៉ានី បានសរសេរបន្តថា "អត្តពលិកពិការត្រូវការគាំទ្រ និងការលើកទឹកចិត្ត ពីពួកយើង។ ពួកគាត់ចង់ឱ្យយើងចូលរួម និងស្វែងយល់ពីពួកគាត់ ហើយអាស៊ានប៉ារ៉ាហ្គេម គឺជាឱកាសសម្រាប់ពួកគាត់ ក្នុងការបង្ហាញសមត្ថភាពរបស់ពួកគាត់។ ដូច្នេះ សូមបងប្អូនជនរួមជាតិទាំងអស់ បន្តចូលរួមផ្តល់កម្លាំងដល់កីឡាករ កីឡាករិនី ជាអត្តពលិករបស់យើង ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ានប៉ារាហ្គេម លើកទី ១២ ដែលរៀបចំនៅព្រះរាជាណាចក្រកម្ពុជាយើង"។
លោកបន្ថែមថា "ខណៈដែលពួកគាត់ មិនចង់ធ្វើខ្លួនឲ្យក្លាយជាបន្ទុករបស់សង្គម យើងត្រូវផ្តល់លទ្ធភាពគ្រប់បែបយ៉ាង ដល់ពួកគាត់ ដើម្បីសម្រេចនូវបំណងដ៏ពិសិដ្ឋនោះ"។
លោក ហ៊ុន ម៉ានី លើកឡើងថា ការដណ្តើមបានភាពជាម្ចាស់ផ្ទះ ក្នុងការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅពេលនេះ ជារឿងចាំបាច់ ដែលកម្ពុជាត្រូវធ្វើ ដើម្បីបង្ហាញពីការគាំទ្ររបស់កម្ពុជា ដល់បំណងដ៏ពិសិដ្ឋរបស់អត្តពលិកពិការ បន្ថែមពីលើគោលនយោបាយ និងសកម្មភាពគាំទ្រនានា ដល់ជនដែលមានពិការភាព ដែលរាជរដ្ឋាភិបាល បានអនុវត្តនាពេលកន្លងមក៕
ដោយ៖ វង សុភ័ក្ត្រ