សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា ក្នុងវិស័យអធិការកិច្ច ជាមួយរដ្ឋាភិបាលវៀតណាម

ហាណូយ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋ សភា-ព្រឹទ្ធសភា និងអធិការកិច្ច និង លោក ឌ័ន ហុងហ្វុង សមាជិកមជ្ឈឹមបក្ស អគ្គអធិការ នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម បានចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា ក្នុងវិស័យអធិការកិច្ច រវាងប្រទេសទាំងពីរ នៅទីស្តីការអធិការកិច្ច រដ្ឋាភិបាលវៀតណាម នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៣នេះ។
គួររលឹកផងដែរថា មន្រ្តីរាជការរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទទួលបានការបណ្តុះបណ្តាល លើជំនាញអធិការកិច្ច មានពីរវគ្គ (រយៈពេល ៦ខែ រយៈពេល ៣ខែ និងរយៈពេល ១ខែ) នៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម គិតចាប់តាំងពីឆ្នាំ ២០០៦-២០១៨ មានចំនួន សរុប ២៥៣នាក់ ក្នុងនោះ រយៈពេល ៦ខែ ចំនួន៨នាក់ រយៈពេល ៣ខែ ចំនួន ២០ នាក់ និងរយៈពេល ១ខែ ចំនួន ២២៥នាក់ ។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើង អំពីប្រវត្ដិសហប្រតិបត្ដិការរវាងស្ថាប័ន អធិការកិច្ច នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។
ស្ថាប័នអធិការកិច្ច នៃប្រទេសទាំងពីរ បានចុះអនុស្សារណៈយោគយល់គ្នា លើវិស័យអធិការកិច្ច រួមមាន ៖លើកទី១ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០០៥ លើកទី២ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១២ លើកទី៣ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ចំណែកលើកទី៤ គឺថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ។
អនុវត្ដន៍តាមខ្លឹមសារអនុស្សារណៈ នៃការយោគយល់គ្នា ស្ដីពីការអនុវត្ដកិច្ចព្រមព្រៀង រវាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា និងអគ្គលេខា ធិការដ្ឋាន អធិការកិច្ច រដ្ឋាភិបាលវៀតណាម បានធ្វើឲ្យស្ថាប័នអធិការកិច្ច នៃប្រទេសទាំងពីរ បានដកបទពិសោធន៍ពីគ្នាទៅវិញទៅមក លើការងារអធិការកិច្ច ការដោះស្រាយបណ្ដឹងតវ៉ា បណ្ដឹងបរិហារ និង ការបង្ការទប់ស្កាត់អំពើពុករលួយ ការរំលោភ ដោយអំណាច និងបាតុភាពអសកម្ម នៃអំណាចសាធារណៈ៕
ដោយ៖វង សុភ័ក្ត្រ
