ព័ត៌មានជាតិ

មន្ត្រីសុរិយោដីខេត្តកណ្ដាលស្នើដល់អាជ្ញាធរមូលដ្ឋាន និងចាស់ព្រឹទ្ធាចារ្យដែលទទួលបានការបណ្តុះបណ្តាល ចូលរួមផ្សព្វផ្សាយបន្ថែមដល់ពលរដ្ឋឲ្យយល់ដឹងពីឯកសារដែលគាត់ត្រូវមានពេលចុះបញ្ជីដី

image


កណ្ដាល៖ លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាលបានអំពាវនាវដល់លោកមេភូមិ ចៅសង្កាត់ និងចាស់ព្រឹទ្ធាចារ្យដែលទទួលបានការបណ្តុះបណ្តាល ត្រូវចូលរួមធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឲ្យបានយល់ដឹងគ្រប់ៗគ្នានូវឯកសារពាក់ព័ន្ធទាំងអស់ រួមមានសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងឯកសារផ្សេងៗ ដែលជាប់ទាក់ទងក្នុងការវាស់វែងដីនេះ ដើម្បីងាយស្រួលក្នុងការវាស់វែង និងធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។

ថ្លែងក្នុងការបើកវគ្គបណ្ដុះបណ្ដាលពីនីតិវិធីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៣ ជូនដល់ ចៅសង្កាត់ មេភូមិ និងចាស់ព្រឹទ្ធាចារ្យនៅសង្កាត់ចំនួន៣ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល គឺសង្កាត់ឈើខ្មៅ សង្កាត់ព្រែកជ្រៃ និងសង្កាត់ជ្រោយតាកែវ ដែលរៀបចំដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់  និងសុរិយោដី ខេត្តកណ្តាល នេះដែរលោក ទៀង កុស្យារៈ បានលើកឡើងថាការបើកវគ្គបណ្តុះបណ្តាលនេះគឺ ដើម្បីឲ្យលោក លោកស្រីដែលជាសិក្ខាកាមបានយល់ច្បាស់ពីនីតិវិធី នៃការកំណត់ចុះវាស់វែងដីជូនប្រជាពលរដ្ឋប្រកបដោយភាពត្រឹមត្រូវ និងដើម្បីឲ្យប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធិសំគាល់ដីរបស់ខ្លួន និងកាត់បន្ថយបញ្ហាទំនាស់ដីធ្លីរវាងម្ចាស់ដីដែលនៅជាប់ព្រំជាមួយគ្នា។

ក្នុងឱកាសនោះដែរលោកក៏បានជំរុញដល់មន្រី្តពាក់ព័ន្ធ និងក្រុមចុះបញ្ជីទាំងអស់ត្រូវខិតខំបន្ថែមទៀតលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះដើម្បីឈានទៅសម្រេចបានចក្ខុវិស័យរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានដាក់ចេញ៕

អត្ថបទ៖ គិន ច័ន្ទពុទ្ធិ