សម្ដេចតេជោ៖ រោងចក្រដំឡើងរថយន្តតូយ៉ូតានៅកម្ពុជា នឹងបើកដំណើរឆាប់ៗនេះ ក្នុងនោះក៏មានក្រុមហ៊ុនលំដាប់អន្តរជាតិមួយចំនួនទៀត

អត្ថបទ៖ វឿន សាវុធ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅខែកក្កដា ឆ្នាំ២០២៣នេះ រោងចក្រដំឡើងរថយន្តតូយ៉ូតា នឹងសាងសង់រួចរាល់ ហើយសម្ពោធដំឡើងរថយន្តជាផ្លូវការនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោ ថ្លែងថា ក្រៅពីនេះក៏មានក្រុមហ៊ុនលំដាប់អន្តរជាតិមួយចំនួនទៀតក៏កំពុងរៀបចំដំឡើងជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ជាបន្តបន្ទាប់ទៀតផងដែរ។
ការលើកឡើងនេះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករជិត ២ម៉ឺននាក់ ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុបភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។
សូមជម្រាបថា ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញវិញ្ញាបនបត្រកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ លើគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ មានទុនវិនិយោគ ៣៦,៧ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ១៥០ នាក់ ដែលជាក្រុមហ៊ុនទី២ បន្ទាប់ពីក្រុមហ៊ុន Ford ដែលបានដាក់ឲ្យដំណើរការកាលពីខែមិថុនា ឆ្នាំ២០២២៕


