ព័ត៌មានជាតិ

អ្នកជំនាញ៖ ការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនធំៗនៅកម្ពុជា នឹងជួយជំរុញដល់ការងើបឡើងវិញនៃវិស័យអចលនទ្រព្យ និងសំណង់ កាន់តែលឿន

image


អត្ថបទ៖ សៀម ប៊ុនធី
ភ្នំពេញ៖ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា បានអះអាងថា ការដាក់ចេញនូវគម្រោងអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនធំៗរបស់រដ្ឋាភិបាលកម្ពុជា នឹងជួយជំរុញដល់ការងើបឡើងវិញនៃវិស័យអចលនទ្រព្យ និងសំណង់ កាន់តែលឿន ខណៈដែលវិស័យនេះស្ថិតក្នុងភាពយ៉ាប់យ៉ឺន ចាប់តាំងពីការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩មកម្ល៉េះ។

នៅក្នុងបទសម្ភាសជាមួយ CNC លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា ការវិនិយោគទៅលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន គឺជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរឲ្យកាន់តែលឿន និងកាត់បន្ថយថ្លៃចំណាយឲ្យទាបជាងមុន ដែលធ្វើឲ្យចំណេញសម្រាប់សេដ្ឋកិច្ច។

លោកបានបញ្ជាក់ថា៖ «តាមការអង្កេតរបស់ខ្ញុំកន្លែងណាដែលមានហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់អភិវឌ្ឍន៍ឡើង កន្លែងនោះហើយដែលធ្វើឲ្យអចលនទ្រព្យកើនឡើងដែរ។ កន្លងមកយើងមើលឃើញផ្លូវដែលអភិវឌ្ឍន៍រួចហើយហ្នឹង ផ្លូវក្រវ៉ាត់ក្រុងទី៣ ព្រលានយន្តហោះនៅកណ្តាលស្ទឹង ផ្លូវដែលធ្វើរួចនៅក្រុងព្រះសីហនុ ផ្លូវដែលធ្វើរួចនៅក្រុងសៀមរាប គឺអចលនទ្រព្យនៅតាមបណ្តោយផ្លូវហ្នឹង គឺតែងតែមានការកើនឡើង»។

លោក សន សៀប បានបន្តទៀតថា ថ្មីៗនេះ ការប្រកាសពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនធំៗពីរជាប្រវត្តិសាស្ត្ររបស់រាជរដ្ឋាភិបាល គម្រោងព្រែកជីកតភ្ជាប់ផ្លូវទឹកពីទន្លេបាសាក់ទៅកាន់សមុទ្រ និងគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងធ្វើឲ្យតម្លៃដីធ្លីនៅតាមតំបន់នោះនឹងហក់ឡើង ជាពិសេសនៅតាមចំណតផែផ្លូវទឹក នឹងក្លាយជាតំបន់ពា ណិជ្ជកម្មដ៏សំខាន់។

ចំណែកគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតវិញ លោក បានអះអាងថា ជាគម្រោងផ្លូវច្រកសេដ្ឋកិច្ចដ៏សំខាន់មួយដែលតភ្ជាប់ទៅកាន់ប្រទេសវៀតណាម ដែលជាប្រ ទេសកំពុងមានសក្តានុពលសេដ្ឋកិច្ចរីកចម្រើនលឿនមួយនៅក្នុងតំបន់អាស៊ាន។ ដូច្នេះវានឹងផ្តល់ផលប្រយោជន៍ច្រើនសម្រាប់ការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះរួមបញ្ចូលទាំងវិស័យអចលនទ្រព្យផងដែរ។

ទោះជាយ៉ាងណា ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជារូបនេះ ហាក់ពិបាកធ្វើការសន្និដ្ឋានថា តើពេលណាទើបវិស័យអចលនទ្រព្យ និងសំណង់កម្ពុជា នឹងត្រឡប់មករកភាពល្អប្រសើរដូចកាលដើមឆ្នាំ ២០១៩ ក្នុងអំឡុងពេលមុនពេលផ្ទុះជំងឺកូវីដ១៩ ដោយលោកបានអះអាងថា វិបត្តិក្នុងវិស័យនេះក្នុងពេលបច្ចុប្បន្នគឺធំជាងកាលពីវិបត្តិឆ្នាំ ២០០៨ ដែលកាលនោះប្រើពេលត្រឹម ៤ឆ្នាំដើម្បីងើបឡើងវិញ។

តែលោកថា វិស័យនេះ អាចងើបឡើងវិញនៅក្នុងឆ្នាំ ២០២៤ ឬឆ្នាំ ២០២៥ ដោយវាអាស្រ័យទៅលើកត្តាសំខាន់ៗដូចជា ការអូសបន្លាយនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងការងើបឡើងនៃសេដ្ឋកិច្ចពិភពលោក ពិសេសប្រទេសសេដ្ឋកិច្ចធំៗដូចជា សហរដ្ឋអាមេរិក ចិន និងតំបន់អឺរ៉ុប ជាដើម។

សូមជម្រាបថា គម្រោងជីកផ្លូវទឹកតភ្ជាប់ពីទន្លេបាសាក់ ទៅកាន់សមុទ្ររបស់កម្ពុជា ដែលជាគម្រោងដ៏មានសារៈសំខាន់សម្រាប់ការដឹកជញ្ជូនទំនិញនោះ ត្រូវបានអង្គប្រជុំគណៈរដ្ឋមន្ត្រីដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចអនុម័តជាផ្លូវការកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។ ដោយគម្រោងនេះ គ្រោងចំណាយថវិកាប្រមាណ ១.៧០០លានដុល្លារ និងចំណាយពេល ៤ឆ្នាំ។

តាមការសិក្សាផ្លូវទឹកនេះមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែក តាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែក តាហ៊ីង នៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លង កាត់ ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។

ដោយឡែកគម្រោងផ្លូវល្បឿនលឿនខ្សែទីពីរ ភ្នំពេញ-បាវិត គ្រោងនឹងបើកការដ្ឋានថ្ងៃទី០៧ មិថុនាខាងមុខនេះ ដែលវិនិយោគដោយក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ដែលនឹងត្រូវប្រើថវិកាប្រមាណ ១.៤០០លានដុល្លារ។ ក្រៅពីនេះកម្ពុជា ក៏គ្រោងសាងសង់ផ្លូវល្បឿនលឿនខ្សែទីបី ភ្នំពេញ-សៀមរាប ដែលនឹងបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពក្នុងបំណាច់ខែឧសភា និងចុះ MoU ក្នុងពេលឆាប់ៗខាងមុខនេះ៕