ព័ត៌មានជាតិ

ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ៖ សម្តេចតេជោគឺជាមេដឹកនាំនយោបាយមួយរូបដែលមានបទពិសោធច្រើន ធ្វើអោយកម្ពុជាមានការរីកចំរើន

image

សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅថ្ងៃរសៀលទី ២២ ខែមករាឆ្នាំ ២០១៩នេះបានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង យ៉ាង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៅទីក្រុងប៉េកាំង។
ក្នុងជំនួបនោះ ឯកឧត្តម វ៉ាង យ៉ាង បានមានប្រសាសន៍ស្វាគមន៍សម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយគូសបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់សម្ដេចតេជោមកប្រទេសចិននៅពេលនេះ គឺជាការរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន។

ឯកឧត្តមបានមានប្រសាសន៍ថាសម្តេចតេជោគឺជាមេដឹកនាំនយោបាយមួយរូបដែលមានបទពិសោធច្រើនហើយ ឯកឧត្តមក៏បានអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតរបស់ប្រទេសកម្ពុជានៅឆ្នាំ 2018 កន្លងទៅនេះ ដែលគណបក្សប្រជាជនកម្ពុជាបានឈ្នះភ្លូកទឹកភ្លូកដី និងបានអបអរសាទរសម្ដេចតេជោដែលត្រូវបានជាប់ឆ្នោតសាជាថ្មីទៀតជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសាជាថ្មីទៀត។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានអរគុណចំពោះពាក្យពេចន៍ និងចំពោះការស្វាគមន៍របស់ភាគីចិនក្នុងទស្សនកិច្ចរបស់សម្តេច និងគណៈប្រតិភូ។ សម្តេចតេជោនាយកមន្ត្រីបានមានប្រសាសន៍ថាដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចគឺមានសារសំខាន់មិនត្រឹមតែសម្ដេចនោះទេ គឺរួមទាំងសម្រាប់បម្រើផលប្រយោជន៍នៃប្រទេសទាំងពីរដើម្បីចូលរួមចំណែកលើកម្រិតទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។

សម្តេចតេជោបានបន្តថា នៅឆ្នាំ២០១៨ កន្លងទៅនេះគឺប្រទេសកម្ពុជា និងប្រទេសចិនបានប្រារព្ធខួបលើកទី 60 នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយសម្តេចបានរំលឹកពីទំនាក់ទំនង និងតួនាទីរបស់សម្ដេចឪ ព្រះនរោត្តមសីហនុ ជាមួយថ្នាក់ដឹកនាំចិន ដូចជា ឯកឧត្តមប្រធាន ម៉ៅ សេទុង និងស៊ូ អីនឡាយជាដើម ដែលបានបង្កើតទំនាក់ទំនងទ្វេភាគីនាពេលនោះរវាងប្រទេសយើងទាំងពីរ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរគឺជាពិសេសដោយសារព្រះអង្គបានចាប់ផ្ដើមក្នុងការកសាងទំនាក់ទំនងរវាងចិន និងកម្ពុជាដែលទោះបីជានៅពេលនោះស្ថានភាពអន្តរជាតិមិនផ្ដល់អនុគ្រោះសម្រាប់កម្ពុជាក៏ដោយ ក៏ប៉ុន្តែកម្ពុជាបានគាំទ្រប្រទេសចិន ជាពិសេសកៅអីនៅអង្គការសហប្រជាជាតិ ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដែលនេះដោយសារសម្ដេចឪមានចក្ខុវិស័យយូរអង្វែងដែលគិតថាពេលនោះគឺចិនអាចតំណាងនៃប្រទេសចិនទាំងមូល។

សម្ដេចតេជោបានគូសបញ្ជាក់ថា យើងពិតជាបានទទួលផលប្រយោជន៍ច្រើនពីប្រទេសចិនហើយកការរីកចម្រើននេះមិនត្រឹមតែខ្លួនឯងទេគឺសម្រាប់ប្រទេសដទៃផ្សេងទៀតផងដែរ។ ចំពោះគំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយ ផ្លូវមួយវិញ សម្តេចបានមានប្រសាសន៍ថាពិតជាបានផ្ដល់នូវអត្ថប្រយោជន៍សម្រាប់ភាគីទាំងអស់ដែលចូលរួមនៅក្នុងគំនិតនេះ ហើយផ្អែកទៅលើស្ថានភាពនេះ កម្ពុជាក៏ផ្សារភ្ជាប់ជាមួយនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែ។

សម្ដេចតេជោបានគូសបញ្ជាក់អំពីគម្រោងជាច្រើនដែលស្ថិតនៅក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយ ផ្លូវមួយ និងយុទ្ធសាស្ត្រចតុកោណនៃរាជរដ្ឋាភិបាលកម្ពុជា ដែលកាលពីម្សិលមិញសម្ដេចបានជួបចរចាជាមួយឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ក្នុងការពិគ្រោះយោបល់អំពីស្ថានភាពនៅកម្ពុជាជាពិសេសទៅលើសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាកន្លងទៅនេះគឺមានការរីកចម្រើនជាពិសេសកំណើនសេដ្ឋកិច្ច ជាង៧ភាគរយ ក្នុងឆ្នាំ ២០១៨ កន្លងទៅនេះ ហើយភាពរីកចម្រើននេះ
ក៏ដោយសារមានវិនិយោគរបស់ចិនបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជាផងដែរ។

សម្តេចតេជោក៏បានផ្លាស់ប្ដូរមតិជុំវិញស្ថានភាពជុំវិញតំបន់ ជាពិសេសទាក់ទងសមុទ្រចិនខាងត្បូងនិងទំនាក់ទំនងរវាងអាស៊ានចិន ក្រៅពីនោះសម្ដេចក៏បានមានប្រសាសន៍ពាក់ព័ន្ធនៅសេដ្ឋកិច្ចជាពិសេសសម្តេចតេជោក៏បានអរគុណមិត្តចិនដែលបានប្រកាសថាបង្កើនកូតាឲ្យកម្ពុជានាំអង្ករមកប្រទេសចិនពី ៣០ទៅ ៤០ ម៉ឺនតោននៅ ២០១៩នេះ។ សម្តេចតេជោក៏បានអញ្ជើញ ឯកឧត្តម វ៉ាង យ៉ាង មកទស្សនកិច្ចនៅប្រទេសកម្ពុជានៅពេលណាសមស្របទៅមុខ ហើយឯកឧត្តមប្រធានក៏បានឆ្លើយតបអរគុណសម្តេចចំពោះការអញ្ជើញរបស់សម្តេច ហើយឯកឧត្តម នឹងរកពេលវេលាសមស្របណាមួយនាពេលខាងមុខ។

ឯកឧត្តមបាន គួរបញ្ជាក់ ថាបច្ចុប្បន្ននេះចិនបានចាត់ទុកទំនាក់ទំនងរវាងចិន និងកម្ពុជា គឺល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរហើយដោយសារមានកិច្ចសហប្រតិបត្តិការជាច្រើនគ្រប់លំដាប់លើគ្រប់វិស័យជាពិសេសទៀតគឺគេមានកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងប្រទេសទាំងពីរក្នុងកម្រិតអន្តរជាតិផងដែរ។ ឯកឧត្តមនឹងបន្តធ្វើការជាមួយគ្នាទៅលើកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរជាពិសេសជាពិសេសកិច្ចសហប្របត្តិការទៅលើភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ចនិងប្រជាជននិងប្រជាជនផងដែរ។

ឯកឧត្តមពិតជាគាំទ្រចំពោះគ្រប់ទិសដៅរបស់សម្ដេចដែលបានបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ដែលជាយន្តការថ្មីមួយទៀតក្នុងប្រទេសកម្ពុជាហើយឯកឧត្តមបន្តថាស្ថាប័នទាំងសងខាង និងបន្តកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធបន្ថែមទៀតហើយនឹងមានការផ្លាស់ប្ដូរការទស្សនកិច្ចគ្នាទៅវិញទៅមកក្នុងកម្រិតខ្ពស់ជាបន្តបន្ទាប់ទៀត៕
អត្ថបទ និង រូបភាព ហ៊ន សុភ័ក្រ