ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកអគ្គរាជទូតជប៉ុន ចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ សម្រាប់ការផ្តល់ឥណទានសម្បទានជាង៥២លានដុល្លារ លើគម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ ផ្លូវជាតិលេខ៥

image

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក UENO Atsushi  ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ សម្រាប់ការផ្តល់ឥណទានសម្បទាន ជាង៥២លានដុល្លារ លើគម្រោងធ្វើឲ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ៥ (កំណាត់ផ្លូវព្រែកក្តាម-ធ្លាអម) និងហិរញ្ញប្បទានឥតសំណង ជាង២លានដុល្លារ លើគម្រោងអភិវឌ្ឍធនធានមនុស្ស។
លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ដែលបានចុះហត្ថលេខា មានដូចខាងក្រោម៖
១. ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ៧.២០៥ លានយ៉េន (ប្រមាណ ៥២,៦ លានដុល្លារអាមេរិក) សម្រាប់អនុវត្ត “គម្រោងការធ្វើឱ្យប្រសើរឡើងវិញនូវផ្លូវជាតិ លេខ៥ (កំណាត់ផ្លូវពីព្រែកក្តាម-ធ្លាម្អម) ដំណាក់កាលទី៤"
២. ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ចំនួន ៣៦៦ លានយ៉េន (ប្រមាណ ២,៦៧ លានដុល្លារអាមេរិក) សម្រាប់អនុវត្ត "គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស"។
ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការនេះ បានចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គម ជាបន្តបន្ទាប់ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបង្កើនការពង្រឹងទំនាក់ទំនងដ៏ល្អប្រពៃ និងកិច្ចសហប្រតិបត្តិការ ដែលកំពុងលូតលាស់ លើគ្រប់វិស័យរវាងប្រជាជាតិទាំងពីរ៕
ដោយ៖ វង សុភ័ក្ត្រ