ព័ត៌មានជាតិ

សម្ដេចតេជោ​ នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំលើកទី៣ ស្ដីពី គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយ នៅប្រទេសចិន នាខែតុលាខាងមុខ​

image

អត្ថបទ៖ វឿន​ សាវុធ
ភ្នំពេញ៖ សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានឲ្យដឹងថា សម្ដេច នឹងដឹកនាំគណៈប្រតិភូអញ្ជើញ​ទៅចូលរួមកិច្ចប្រជុំលើកទី៣ ស្ដីពី គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយ នៅប្រទេសចិន នាខែតុលាខាងមុខ។

«​បានឆ្លើយតបជាមួយលោក ស៊ី ជីនពីង ហើយ ខែតុលានឹងមានការប្រជុំលើកទី៣ អំពីគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយ ខ្ញុំនឹងចូលរួមៗ ប៉ុន្តែចូលរួមនៅក្នុងក្របខ័ណ្ឌនៃរដ្ឋាភិបាលថ្មីហើយពេលនោះ»។ នេះជាប្រសាសន៍របស់សម្ដេចតេជោ។

សម្ដេចតេជោ ហ៊ុន សែន ក៏លើកឡើងដែរថា ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ ហើយការបង្កើតរាជរដ្ឋាភិបាលថ្មី អាចនៅចុងខែសីហា ឬដើមខែកញ្ញា ឆ្នាំ២០២៣។ ដូច្នេះការទៅចូលរួម គឺក្នុងនាមរាជរដ្ឋាភិបាលថ្មី នៅតែស្ថិតក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដដែល។

សូមជម្រាបជូនថា ​ការលើកឡើងនេះរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោ​ជិត ​នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៣៕