ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាំយកសម្ភារៈវះកាត់ចោះទំនើប ឧបត្ថម្ភជូនមន្ទីរពេទ្យកាល់ម៉ែត ដើម្បីចូលរួមចំណែកធ្វើទំនើបកម្ម ក្នុងដំណើរការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ

image

ភ្នំពេញ ៖ សម្ភាៈវះកាត់ចោះ ចំនួន៣ឈុត ត្រូវបានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមគ្រួសារ នាំយកទៅឧបត្ថម្ភជូនដល់មន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ ដើម្បីជាការចូលរួមចំណែក ធ្វើឲ្យមន្ទីរពេទ្យកាន់តែមានភាពទំនើប និងឆ្លើយតបនឹងតម្រូវការព្យាបាលជំងឺ របស់ប្រជាពលរដ្ឋ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ មានប្រសាសន៍ថា ដោយយល់ឃើញថា មន្ទីរពេទ្យ មានសេចក្តីត្រូវការនូវសម្ភារៈទាំងនេះ ទើបលោកនិងក្រុមគ្រួសារ បានសម្រេចធ្វើការឧបត្ថម្ភ ដោយរំពឹងថា នឹងធ្វើឲ្យការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ដែលមកទទួលសេវានៅមន្ទីរពេទ្យកាល់ម៉ែត កាន់តែមានភាពល្អប្រសើរ។
និយាយពីក្រុមគ្រួសារវិញ, លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា គ្រួសាររបស់លោក មានទំនាក់ទំនងល្អ ជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យកាល់ម៉ែត ជាពិសេសកូនស្រីរបស់លោក ធ្លាប់មកទទួលការសិក្សា ដកស្រង់បទពិសោធន៍ផងដែរ នៅមន្ទីរពេទ្យកាល់ម៉ែត មុនពេលចូលរៀនផ្នែកវេជ្ជសាស្ត្រ នៅសហរដ្ឋអាមេរិក ដែលការឧបត្ថម្ភនេះ គឺជាទឹកចិត្តក្នុងការតបស្នងសងគុណ ចំពោះមន្ទីរពេទ្យ។
លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត មានប្រសាសន៍ថា សម្ភារៈវះកាត់ចោះចំនួន៣ឈុត ដែលមានតម្លៃជិត៦ម៉ឺនដុល្លារអាមេរិកនេះ នឹងក្លាយជាគុណប្រយោជន៍ ក្នុងផ្នែកសល្យសាស្ត្រ ជាពិសេសការវះកាត់ចោះ ជូនអ្នកជំងឺ ដែលនេះគឺជាការរួមចំណែកដ៏មានតម្លៃយ៉ាងខ្លាំង ក្នុងដំណើរការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងប្រទេសកម្ពុជា។
លោកអគ្គនាយក បន្ថែមថា តាមរយៈសម្ភារៈឧបត្ថម្ភនេះ ទាំងមន្ត្រីរាជការ និងបុគ្គលិករបស់មន្ទីរពេទ្យកាល់ម៉ែត និងទាំងប្រជាពលរដ្ឋ នឹងបានទទួលផល ជាមួយនឹងសម្ភារៈដែលមានគុណភាពខ្ពស់ ហើយ ការជួយឧបត្ថម្ភនេះ ក៏ជាចំណែកមួយ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់វិស័យសុខាភិបាលកម្ពុជាផងដែរ។
សូមជម្រាបថា ក្រៅពីសម្ភារៈ ដែលបានប្រគល់ជូននាពេលនេះ លោកទេសរដ្ឋមន្ត្រី និងក្រុមគ្រួសារ ក៏ធ្លាប់បានជួយឧបត្ថម្ភសម្ភារៈវេជ្ជសាស្ត្រផ្សេងទៀតផងដែរ ជូនដល់មន្ទីរពេទ្យកាល់ម៉ែត កាលពីពេលកន្លងទៅ ហើយនៅចុងឆ្នាំនេះ លោកនិងក្រុមគ្រួសារ មានគម្រោងនាំយកសម្ភារៈមួយចំនួនទៀត ដើម្បីជួយគាំទ្រដល់ផ្នែកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងនោះក៏នឹងមានការនាំមក នូវក្រុមវេជ្ជបណ្ឌិត ពីសហរដ្ឋអាមេរិក ដើម្បីមកផ្លាស់ប្តូរបទពិសោធន៍គ្នា ជាក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ៕
អត្ថបទ ៖ សន ពិសិដ្ឋ