ព័ត៌មានជាតិ

អតីតកីឡាករហែលទឹកជម្រើសជាតិ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញទទួល «ព្រះអគ្គិជ័យកីឡា» ពីប្រទេសឡាវ​ និវត្តន៍មកកាន់មាតុកម្ពុជាវិញ

image


ស្ទឹងត្រែង៖ ដោយទទួលបានចំណាត់តាំងដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អតីតកីឡាករហែលទឹកជម្រើសជាតិយុវជនសម័យសង្គមរាស្រ្តនិយម និងបច្ចុប្បន្នជា អនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានអញ្ជើញជាតំណាងឱ្យអត្តពលិកកម្ពុជា ដើម្បីទទួលព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ត្រឡប់ចូលមកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ ពីគណៈប្រតិភូនៃប្រទេសឡាវ។

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣
ពិធីដង្ហែរព្រះអគ្គិជ័យកីឡាមកដល់ថ្ងៃនេះ គឺបានធ្វើដំណើរឆ្លងកាត់ប្រទេសនៅក្នុងសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ រួមមាន ប្រទេសវៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី សិង្ហបុរី ហ្វីលីពីន មីយ៉ាន់ម៉ា ទីម័រខាងកើត និងចុងក្រោយបំផុតឆ្លងកាត់ប្រទេសឡាវ មុននឹងធ្វើមាតុភូមិនិវត្តន៍ ចូលមកកម្ពុជាវិញនៅថ្ងៃនេះឯង។ លើកលែងតែប្រទេសព្រុយណេមួយប៉ុណ្ណោះ ដែលមិនបានទទួលដង្ហែ ដោយសារគាប់ជួននឹងការប្រារព្ធពិធីបុណ្យរ៉ាម៉ាដនរបស់ខ្លួន។ បន្ទាប់ពីទទួល ព្រះអគ្គិជ័យកីឡា ចូលមកមាតុភូមិវិញ និងប្រារព្ធពិធីដង្ហែក្នុងខេត្តស្ទឹងត្រែងនេះ ព្រះអគ្គិជ័យកីឡានឹងត្រូវបន្តឆ្លងកាត់ទៅខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្ដាល និងចូលទៅកាន់វិមានឈ្នះៗ។ បន្ទាប់មកបន្តដង្ហែក្នុងរាជធានីភ្នំពេញ និងនៅជុំវិញបឹងទន្លេសាប រួចវិលចូលមកកាន់រាជធានីភ្នំពេញវិញ នៅថ្ងៃប្រារព្ធពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាផ្លូវការ។

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជា គឺជាម្ចាស់ផ្ទះ នឹងប្រារព្ធពិធីបើកជាផ្លូវការ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែឧសភា ខាងមុខ ហើយបើគិតពីថ្ងៃនេះ រហូតដល់ថ្ងៃប្រារព្ធពិធីគឺនៅសល់តែ ៨ថ្ងៃទៀតតែប៉ុណ្ណោះ។

ក្បួនដង្ហែព្រះអគ្គិជ័យកីឡា បានធ្វើដំណើរចេញពីច្រកទ្វារព្រំដែនត្រពាំងក្រៀល ឆ្ពោះទៅស្ពានទន្លេសេកុង តាមផ្លូវជាតិលេខ៧។ ដល់ត្រង់ចំណុចគល់ស្ពានទន្លេសេកុងផ្នែកខាងជើង លោកទេសរដ្ឋមន្ត្រី បានកាន់ដង្ហែគប់ភ្លើង រត់ថ្មើរជើងឆ្លងកាត់ស្ពានដោយផ្ទាល់ រហូតដល់គល់ស្ពានផ្នែកខាងត្បូង ក្នុងរយៈចម្ងាយ ១.០៥៧ម៉ែត្រ។

សូមជម្រាបដែរថា​ លោកទេសរដ្ឋមន្ត្រី ដែលជាតំណាងឱ្យអត្តពលិកកម្ពុជា គឺជាឧត្តមមន្ត្រីដែលមានស្នាដៃក្នុងវិស័យកីឡាជាច្រើន ជាពិសេសកីឡាហែលទឹក។ ដោយទទួលបានទំនុកចិត្តលើការដឹកនាំ លោកទេសរដ្ឋមន្ត្រី បានទទួលការគាំទ្រយ៉ាងពេញទំហឹងពី សហព័ន្ធខ្មែរកីឡាហែលទឹក ប្រគល់ភារកិច្ចជូនជាប្រធានសហព័ន្ធ តាមរយៈការបោះឆ្នោត ចាប់តាំងពីឆ្នាំ២០០៩ រហូតមកទល់បច្ចុប្បន្ន៕

អត្ថបទ៖ ម៉ាក មេត្តា