អ្នកឧកញ៉ា គិត ម៉េង៖ បងស្រី ហុងមៀន គឺជាមនុស្សដ៏ពិសេសម្នាក់ និងជាបង្គោលចម្បងប្រកបដោយភាពរឹងមាំ ភាពទន់ភ្លន់ និងសប្បុរសធម៌ដល់ក្រុមគ្រួសារ បងប្អូន និងមិត្តភក្តិ
អូស្ត្រាលី៖ នៅថ្ងៃទី១៥ ខែមេសានេះ សពរបស់លោកស្រី គិត ហុងមៀន ត្រូវបានរៀបចំពិធីបូជានៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ដោយមានការចូលរួមពីអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ រួមទាំងមិត្តភ័ក្តិទាំងអស់របស់លោកស្រី គិត ហុងមៀន។
នៅក្នុងវិយោគកថា អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា នៅថ្ងៃនេះ “យើងទាំងអស់ មករួបរួមគ្នានៅទីនេះ ដើម្បីគោរព និងរំលឹកនូវការចងចាំនៃជីវិតរបស់បងស្រីជាទីស្រលាញ់ គិត ហុងមៀន ដែលជាស្រ្តីដ៏ឆ្នើមមួយរូប។ យើងខ្ញុំ មានកិត្តិយសដែលមានអ្នកចូលរួមជាច្រើននៅទីនេះក្នុងថ្ងៃនេះ ក៏ដូចជាបានទទួលនូវសារចូលរួមចែករំលែកទុក្ខជាច្រើនដែលរួមមានដូចជា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចវិបុលសេនាបតី សាយ ឈុំ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឯកឧត្តម ហ៊ុន ម៉ាណែត និងពីសំណាក់ឯកឧត្តម លោកជំទាវដ៏ទៃជាច្រើនទៀត។”
អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងបន្ថែមថា “នាថ្ងៃនេះ យើងចងចាំនូវកត្តិនាមដែលបងស្រីបានបន្សល់ទុក និងគោរពនូវឥទ្ធិពលរបស់គាត់ដែលមានដល់ជីវិតរបស់យើងទាំងអស់គ្នា។ បងស្រី ហុងមៀន ជាទីស្រលាញ់របស់ខ្ញុំ គឺជាមនុស្សដ៏ពិសេសម្នាក់ គាត់គឺជាបង្គោលចំបងប្រកបដោយភាពរឹងមាំ ភាពទន់ភ្លន់ និងសប្បុរសធម៌ដល់ក្រុមគ្រួសារ បងប្អូន និងមិត្តភ័ក្តរបស់គាត់។”
លោកស្រី គិត ហុងមៀន ជាភរិយារបស់លោក Richard Gregory និងជាមាតារបស់ Elizbeth និង Thomas។ គាត់ គឺជាបងស្រីជាទីស្រលាញ់របស់ លោក គិត សុផាន ដែលបានចែកឋានទៅ, លោកស្រី គិត ហុងសៀង, លោកស្រី គិត ហុងយី, លោក គិត ហុងធៀង និងលោក គិត ហុងម៉េង។ លោកស្រី គិត ហុងមៀន កើតនៅថ្ងៃទី២ ខែមេសា ឆ្នាំ១៩៥៧ នៅខេត្តកណ្តាល ព្រះរាជាណាចក្រកម្ពុជា។ លោកស្រី គឺជាកូនស្រីច្បងទី៣ របស់លោកឪពុក គិត ផេងអ៊ិក និងអ្នកម្តាយ ចាន់ ហេងចិត។
អ្នកឧកញ៉ា គិត ម៉េង បានរំលឹកថា “កាលពី ២ខែកន្លងទៅ ខ្ញុំបាទ និងភរិយា បានរៀបចំគម្រោងមកសួរសុខទុក្ខបងស្រី គិត ហុងមៀន និងសមាជិកគ្រួសារដ៏ទៃទៀតនៅ ប្រទេស អូស្ត្រាលី នៅថ្ងៃទី១១ ខែមេសា។ ប៉ុន្តែជាអកុសល បងស្រីជាទីស្រលាញ់របស់ខ្ញុំត្រូវបានបញ្ជូនទៅមន្ទីពេទ្យកាល ពីថ្ងៃទី៣១ ខែមីនា កន្លងទៅ ហើយព្រះបាននាំយកជីវិតរបស់បងស្រីទៅ នៅថ្ងៃទី៨ ខែមេសា នៅម៉ោង ៥:១៥ នាទីល្ងាច នៅទៅក្រុងកាន់ប៊ើរ៉ា។ ខ្ញុំបាទមានចិត្តត្រេកអរដែលភរិយារបស់ខ្ញុំ ចំណាន និងសាច់ញាតិដ៏ទៃទៀតនៃក្រុមគ្រួសារ អាចមានឱកាសទៅ ដល់ទីក្រុងកង់បេរ៉ា បានមុន ហើយបានទៅជួបបងស្រីនៅមន្ទីពេទ្យកាន់នៅថ្ងៃទី៦ ខែមេសា។”
អ្នកឧកញ៉ា បានឱ្យដឹងបន្ថែមទៀតថា លោកស្រី គិត ហុងមៀន បានសិក្សា នៅបឋមសិក្សា និងអនុវទ្យាល័យនៅព្រះរាជាណាចក្រកម្ពុជា រហូតដល់ពេលដែលសង្គ្រាម បានចាប់ផ្តើមនៅឆ្នាំ១៩៧៥ នៅអាយុ ១៨ ឆ្នាំ។ ដោយសារសង្គ្រាម ក្រុមគ្រួសាររបស់យើង បានទទួលនូវទុក្ខជាទម្ងន់ ដោយការបាត់បង់នូវលោកឪពុកអ្នកម្ដាយជាទីស្រលាញ់ទាំងពីរ។
លោកស្រី គិត ហុងមៀន បានមកដល់ប្រទេស អូស្ត្រាលី នៅឆ្នាំ១៩៨៣ នៅអាយុ ២៦ឆ្នាំ។ ពេលនោះគាត់បានទទួលនូវបន្ទុករួមជាមួយបងប្រុសរបស់ខ្ញុំ គិត សុផាន បងស្រី ហុងគៀង និងបងស្រី ហុងយី ក្នុងការមើលថែរក្សានូវប្អូនៗទាំងពីរដែលមាន អ្នកឧកញ៉ា និងបងប្រុស គិត ហុងធៀង។
អ្នកឧកញ៉ា គិត ម៉េង បានបន្តថា “ត្រកូល គិត បានរៀបចំក្រុមគ្រួសារថ្មីឡើងវិញនៅទីក្រុង កាន់ប៊ើរ៉ា ដែលជាទីកន្លែងដែលបងស្រី ហុងមៀន ជាទីស្រលាញ់របស់ខ្ញុំ បានរៀនភាសាអង់គ្លេសជាលើកទី១ ក្នុងជីវិត។ គាត់តែងតែត្រលប់ទៅលេងទៅកន្លែងកំណើតរបស់គាត់នៅប្រទេសកម្ពុជា ប៉ុន្តែប្រទេស អូស្ត្រាលី នៅតែបន្តជាផ្ទះរបស់គាត់។ ទីក្រុងកង់បេរ៉ា គឺជាទីកន្លែងពិសេសរបស់ក្រុមគ្រួសារត្រកូល គិត ដោយហេតុថាពួកយើងបានចំណាយពេលជាច្រើនឆ្នាំគាំទ្រ និងទ្រទ្រង់គ្នាទៅវិញទៅមក។ ជាច្រើនឆ្នាំកន្លងទៅនេះ ខ្ញុំបាទ មានចិត្តត្រេកអរណាស់ដែលខ្ញុំអាចមានឱកាសជួយបងស្រី ព្រោះថាបងស្រីក៏ធ្លាប់បានជួយក្រុមគ្រួសារ។
អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់បន្ថែមថា “ក្រុមគ្រួសារ គឺជាសុភមង្គល និងមោទនភាពរបស់បងស្រី។ បងស្រី គឺជាភរិយាដ៏ល្អ និងជាមាតាដ៏គួរអោយស្រលាញ់ របស់កូនៗ។ យើងបានឃើញការដាក់ចិត្ត និងបេះដូងរបស់បងស្រី ក្នុងការចញ្ចឹមបីបាច់ថែរក្សាកូនៗរបស់គាត់ ហើយតែងតែផ្តល់ដោយមិនមានអាក់ខាននូវការគាំទ្រ ការណែនាំ និងសេចក្តីស្រលាញ់ដែលគ្មានលក្ខខណ្ឌដល់កូនៗរបស់គាត់។
បងស្រី គឺជាផ្នែកមួយនៃជីវិតរបស់យើងគ្រប់គ្នា ហើយគាត់បានបន្សល់ទុកនូវការចងចាំដែលគ្មានថ្ងៃអាចបំភ្លេចបាន ដល់អ្នកទាំងអស់គ្នាដែលបានស្គាល់គាត់។ សេចក្តីស្រលាញ់ និងការយកចិត្តទុកដាក់ដែលមិនមានការអាក់ខានដល់កុម គ្រួសារ មិត្តភ័ក្ត និងសហគមន៍ជនជាតិខ្មែរនៅប្រទេសអូស្ត្រាលី ត្រូវបានយើងយ៉ាងច្បាស់នៅរាល់សកម្មភាពដែលបងស្រី បានធ្វើឡើង ដែលក្នុងនោះ រួមមាន ជាសមាជិកសកម្មរបស់សហគមន៍ប្រជាជនកម្ពុជានៅប្រទេសអូស្ត្រាលី និងជាអ្នកគាំទ្របង្គោលក្នុងការកសារនូវវត្តអារាមរបស់ប្រជាជនកម្ពុជា។
កត្តិនាមរបស់បងសី ហុងមៀន ជាទីស្រលាញ់របស់ខ្ញុំ នឹងបន្តស្ថិតក្នុងជីវិតរបស់ក្រុមគ្រួសារ មិត្តភ័ក្ត និងអ្នក ទាំងអស់ដែលបានស្គាល់គាត់។ សមានធម៌ សប្បុរសធម៌ និងសេចក្តីស្រលាញ់គ្មានលក្ខខណ្ឌរបស់បងស្រី នឹងបន្តថែរក្សា និងស្ថិតក្នុងការចងចាំរបស់យើងទាំងអស់គ្នាជារៀងរហូត។
ជូនចំពោះបងស្រី ហុងមាន ជាទីស្រលាញ់ ថ្ងៃនេះគឺជាថ្ងៃចុងក្រោយដែលយើងទាំងអស់គ្នានឹងបានឃើញបង។ យើងទាំងអស់គ្នានឹងតែងតែនឹង និងស្រលាញ់បងស្រីជារៀងរហូត។ សេចក្តីស្រលាញ់ និងការចង់ចាំល្អៗរបស់យើង សម្រាប់បងស្រីនឹងបន្តនៅក្នុងបេះដូងរបស់យើងជារៀងរហូត។
សូមអរគុណចំពោះឥទ្ធិពលល្អៗ ដែលបានបងស្រី បានផ្តល់ឱ្យជីវិតរបស់យើង និងក្រុមគ្រួសារទាំងអស់គ្នា។ បងស្រីជាទីស្រលាញ់ យើងនឹងចងចាំ និងស្រលាញ់បងស្រីជារៀងរហូត។”
តាងនាមឱ្យក្រុមគ្រួសារត្រកូល គិត ទាំងអស់ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ ដែលបានមកចូលរួមក្នុងថ្ងៃនេះ និងធ្វើជាសក្ខីភាពនៃការលាជាលើកចុងក្រោយរបស់បងស្រីជាទីស្រលាញ់របស់យើងខ្ញុំ។
ស្របពេលថ្ងៃនេះជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ហើយអ្នកឧកញ៉ា គិត ម៉េង ក៏បានសូមប្រសិទ្ធិពរជ័យជូនដល់អ្នកទាំងអស់គ្នាក្នុងថ្ងៃនេះ ឱ្យបានជួយតែសុភមង្គល សេចក្ដីស្រលាញ់ និងភាពរុងរឿងក្នុង ក្រុមគ្រួសារ។ សូមព្រះជាម្ចាស់ឃុំគ្រងអ្នកទាំងអស់គ្នា។
សូមបញ្ជាក់ថា លោកស្រី គិត ហុងមៀន ដែលត្រូវជាបងស្រីបង្កើតរបស់អ្នកឧកញ៉ា គិត ម៉េង បានទទួលមរណភាព នៅថ្ងៃសៅរ៍ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០៥៖១៥នាទីល្ងាច ម៉ោងនៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ដោយរោគាពាធ៕


















