ព័ត៌មានជាតិ

ផ្លូវជាច្រើន ជាពិសេសបញ្ហាសំបុកមាន់ ត្រូវបានធ្វើការជួសជុលដោយអាជ្ញាធររាជធានី ដើម្បីផ្តល់ភាពងាយស្រួល និងសោភណភាព សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣

image


ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានឲ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ២០២៣នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រោមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានខិតខំជំរុញ ការជួសជុល ផ្លូវបានច្រើន ពិសេសការលុបសំបុកមាន់បានស្ទើរគ្រប់ផ្លូវក្នុងក្រុង ធ្វើឱ្យរាជធានីភ្នំពេញមានសោភណភាពស្រស់បំព្រង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និងអបអរសាទរព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជាធ្វើជា ម្ចាស់ផ្ទះនៅខែឧសភា ឆ្នាំ២០២៣ ខាងមុខ។

នេះបើតាមការបញ្ជាក់របស់លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ មេសានេះ នៅសាលារាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះដែរ លោក ម៉ប់ សារិន ក៏បានកោតសរសើរចំពោះ អាជ្ញាធររាជធានីភ្នំពេញ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធផងដែរ ដែលបានខិតខំរៀបចំ កែលម្អហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន ដើម្បីបម្រើឱ្យស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនាពេលខាងមុខ និងស្រស់បំព្រង។ ដែលលទ្ធផលជាផ្លែផ្លែដែលរាជធានីភ្នំពេញសម្រេចបានក្នុងត្រីមាសទី១នេះ ពិតជាបានឆ្លុះបញ្ចាំង ឱ្យឃើញច្បាស់ពីការខិតខំបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួនរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធគ្រប់លំដាប់ថ្នាក់ដោយមាន
ការចូលរួមផុសផុលពីប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក្រោមការ ដឹកនាំយ៉ាងសកម្ម និងយកចិត្តទុកដាក់របស់គណៈអភិបាលរាជធានីភ្នំពេញ។ លោកថាក្នុងព្រឹត្តិការណ៍សំខាន់ៗ ដូចជា បុណ្យចូលឆ្នាំសកល បុណ្យជាតិលើកទី៤៤ថ្ងៃជ័យជម្នះ៧មករា បុណ្យសាសនា មាឃបូជា និងទិវានារីអន្តរជាតិ៨មីនា លើកទី១១២ ប្រជាពលរដ្ឋរាជធានីភ្នំពេញ បានចូលរួមដោយសប្បាយ រីករាយយ៉ាងសុខដុមរមនា មានបរិយាប័ន្ន ក្រោមម្លប់សន្តិភាព និងការ អភិវឌ្ឍក្រោមការដឹកនាំដ៏ ឈ្លាសវៃរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន៕

អត្ថបទ៖ គិន ច័ន្ទពុទ្ធិ