អគ្គស្នងការនគរបាលជាតិ ណែនាំដល់កងកម្លាំងទាំងអស់ ដាច់ខាតមិនត្រូវឲ្យកើតមានករណី ចោរលួច និងចោរឆក់ នៅអំឡុងពេលព្រឹត្តិការណ៍ស៊ីហ្គេម
ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន បានធ្វើការណែនាំដល់កងកម្លាំងទាំងអស់ថា ដាច់ខាតមិនត្រូវឲ្យកើតមានករណី ចោរលួច និងចោរឆក់ នៅអំឡុងពេលព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខ ដើម្បីបង្កើនភាពកក់ក្ដៅ កាត់បន្ថយការភ័យខ្លាចរបស់ប្រជាពលរដ្ឋ ជាពិសេស ប្រតិភូតកីឡាករគីឡាការិនី ជាតិ និងអន្តរជាតិ ព្រមទាំងអ្នកគាំទ្រមកពីបណ្ដាលប្រទេសទាំងអស់។
នាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំដូចនេះ ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឆ្នាំ២០២២ និងទិសដៅការងារសម្រាប់ ឆ្នាំ២០២៣ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់នាពេលខាងមុខ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលកម្ពុជាទន្ទឹងរង់ចាំ រយៈពេល ៦៤ឆ្នាំមកហើយ។ ដូច្នេះកងកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការបង្ការ ទប់ស្កាត់បទល្មេីស ស្រាវជ្រាវបង្ក្រាបមុខសញ្ញាដែលប្រព្រឹត្តបទល្មេីស ស្រាវជ្រាវមុខសញ្ញាដោយអនុវត្តតាមដីការ ស្រាវជ្រាវបង្ការ ទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនេីង និងមុខសញ្ញាពាក់ព័ន្ធនានា ជាពិសេសករណីចោរលួច ចោរឆក់ ចោរប្លន់ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការកត់សម្គាល់នូវបញ្ហាមួយចំនួនដែលបានជួបប្រទះក្នុងពេលអនុវត្តការងារកន្លងមក ព្រមទាំងផ្សព្ធផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីដឹកនាំពិភាក្សា ពិគ្រោះយោបល់យ៉ាងហ្មត់ចត់ ដើម្បីដាក់ចេញវិធានការអនុវត្ដក្នុងឆ្នាំ២០២៣ ទទួលបានជោគជ័យ។
លោកឧត្តមសេនីយ៍ឯក ស ថេត បានណែនាំដល់ស្នងការរង ដែលមានភារកិច្ចចុះជួយតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងស្នងការរងទទួលផែនការជំនាញ អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រជុំពិភាក្សាគ្នាជាប្រចាំ ដេីម្បីដាក់ចេញូនូវផែនការ ក្នុងការបង្ការ ទប់ស្កាត់ទប់ល្មេីស ស្រាវជ្រាវបង្ក្រាបមុខសញ្ញាដែលប្រព្រឹត្តបទល្មេីស ស្រាវជ្រាវមុខសញ្ញា ដោយអនុវត្តតាមដីការ ស្រាវជ្រាវបង្ការ ទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនេីង និងមុខសញ្ញាពាក់ព័ន្ធដែលនៅសេសសល់មួយចំនួនទៀត៕
អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា















