ព័ត៌មានអន្តរជាតិ

អ្នកជំនាញស្នើឱ្យមានកំណែទម្រង់ប្រព័ន្ធនគរបាលកាណាដាក្រោយបញ្ចប់ការស៊ើបអង្កេតករណីបាញ់ប្រហារដ៏សាហាវកាលឆ្នាំ២០២០

image


កាណាដា៖ ក្រុមមន្ត្រីជំនាញដែលបានចូលរួមក្នុងការស៊ើបអង្កេតលើករណីបាញ់ប្រហារដ៏អាក្រក់មួយកម្រមានក្នុងប្រទេសកាណាដា ដោយបានសម្លាប់មនុស្សអស់ជាង ២០នាក់ កាលពីឆ្នាំ ២០២០ បានស្នើសុំឱ្យមានការធើ្វកំណែទម្រង់ប្រព័ន្ធនគរបាលជាតិរបស់កាណាដា ក្រោយពីបានរកឃើញអំពីកំហុសឆ្គង និងភាពយឺតយ៉ាវរបស់ក្រុមមន្ត្រីនគរបាលក្នុងការឆ្លើយតបទៅនឹងឧបទ្ទវហេតុមួយនោះ។

គួររំលឹកថា មានករណីបាញ់ប្រហារយ៉ាងប្រល័យមួយ កាលពីខែមេសា ឆ្នាំ២០២០ បានកើតឡើងនៅក្នុងតំបន់ Nova Scotia ស្ថិតនៅភាគខាងកើតប្រទេសកាណាដា បង្កឡើងដោយបុរសជាខ្មាន់កាំភ្លើងអាយុ ៥១ឆ្នាំម្នាក់ បានបន្លំខ្លួនធើ្វជាសមត្ថកិច្ច ដោយបានបាញ់សម្លាប់មនុស្ស ២២នាក់ឱ្យស្លាប់ និងជាច្រើនសិបនាក់ផ្សេងទៀតរងរបួស។ នេះគឺជាហេតុការណ៍មួយដែលបានធើ្វឱ្យប្រជាជនកាណាដាមានការភ្ញាក់ផ្អើល និងតក់ស្លុតចិត្តយ៉ាងខ្លាំង ព្រោះវាជាឧបទ្ទវហេតុដ៏អាក្រក់មួយមិនធ្លាប់មានពីមុខមក។

នៅក្នុងហេតុការណ៍នេះ បុរសជាខ្មាន់កាំភ្លើងត្រូវបានមន្ត្រីនគរបាលបាញ់សម្លាប់ភ្លាមៗ នៅនឹងទីកន្លែងដែលមានចម្ងាយប្រមាណជាង ៩០គីឡូម៉ែត្រពីទីតាំងកើតហេតុ។

ក្រោយសោកនាដកម្មនេះ មហាជននាំគ្នារិះគន់យ៉ាងខ្លាំងដល់អាជ្ញាធរនគរបាលកាណាដា ចំពោះភាពយឺតយ៉ាវក្នុងការតតាំងជាមួយឃាតករ។

គណៈកម្មាការស៊ើបអង្កេតបានផ្តល់ជាគំនិតណែនាំសរុបប្រមាណជា ១៣០ចំណុចពាក់ព័ន្ធនឹងសំណើនៃកំណែទម្រង់ប្រព័ន្ធនគរបាលជាតិកាណាដា រួមមានការពង្រឹកដែនអំណាចរបស់ស្ថាប័ននគរបាលជាតិ (RCMP) របស់កាណាដានៅក្នុងប្រទេស ក៏ដូចជាដាក់បន្ថែមមធ្យោបាយសម្រាប់កម្លាំងអាជ្ញាធរក្នុងការអនុវត្តន៍ច្បាប់ឱ្យបានកាន់តែប្រសើឡើង រួមទាំងបង្កើនការពង្រឹងសន្ដិសុខសុវត្ថិភាពជូនពលរដ្ឋឱ្យបានជាប្រចាំ និងកែតម្រូវប្រព័ន្ធព័ត៌មានសាធារណៈមួយចំនួនទៀតផង ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect