ព័ត៌មានជាតិ

អ្នកធ្វេីការងារពាក់ព័ន្ធសុវត្ថិភាពចរាចរណ៍​ ជំរុញឱ្យមានការបណ្តុះបណ្តាល​ និងអប់រំបន្តពីសុវត្ថិភាពចរាចរណ៍ដល់កម្មករនៅតាមរោងចក្រកាត់ដេរ

image


ភ្នំពេញ៖​ រាជរដ្ឋាភិបាលកម្ពុជា​ និងអង្គការមូលនិធិបង្ការរបួសអាស៊ី (API) បានជំរុញឱ្យមានការបណ្តុះបណ្តាល​ និងអបរំបន្តអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ទៅដល់កម្មករនិយោជិត ដែលកំពុងបម្រើការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ដើម្បីជារួមចំណែកដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលតែងកើតមានឡើងជារឿយៗទៅលើកម្មករនៅពេលធ្វើដំណើរទៅបំពេញការងារ។

លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានប្រសាសន៍នៅក្នុងវគ្គបណ្តុះបណ្តាលជនបង្គោលសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ២០២៣​ ថា​ ការបេីកឱ្យមានការបណ្តុះបណ្តាលទៅដល់ជនបង្គោលគឺជាការសំខាន់​ ដេីម្បីឱ្យពួកគេយកចំណេះដឹងទៅផ្សព្វផ្សាយអប់រំដល់កម្មករនិយោជិត​នៅតាមបណ្តារោងចក្រសហគ្រាស។ ការណ៍នេះគឺជាការបង្កើនចំណេះដឹងអំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ទៅដល់ពួកគេដែលជាក្រុមងាយរងគ្រោះ។

លោកស្រី​រដ្ឋលេខាធិការ​ បានកត់សម្គាល់ថា អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាប្រមាណជាង២០ភាគរយ គឺជាកម្មករនិយោជិតដែលមកពីគ្រប់វិស័យ។ គ្រោះថ្នាក់ចរាចរណ៍​ បានកេីតឡេីងទាំងការធ្វើដំណើរទាំងទៅមកបំពេញការងារ និងដំណើរឯកជនផ្ទាល់ខ្លួន ហើយក្នុងនោះមួយភាគធំជាស្រ្តី។

ជាមួយគ្នានេះ​ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា ក៏បានកត់សម្គាល់ដែរថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមដ៏ចម្បងគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង​សម្រាប់កម្មករនិយោជិត ជាពិសេសអ្នកដែលកំពុងបម្រើការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ដោយក្នុងនោះរួមមានគ្រោះថ្នាក់ពេលធ្វើដំណើរទៅមកបំពេញការងារ ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសក្នុងចំនួនច្រើន។ ការណ៍នេះទាមទារឱ្យមានការអនុវត្តសកម្មភាពនានា សំដៅលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតក្នុងវិស័យនេះ។

នាយកអង្គការរូបនេះបានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ នៅប្រទេសកម្ពុជា​ មានកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ប្រមាណជាង៧០ម៉ឺននាក់ ដែលប្រថុយប្រថានអាយុជីវិតនឹងហានិភ័យក្នុងការធ្វើដំណើរទៅមកកន្លែងការងារនៅលើផ្លូវដែលមានចរាចរណ៍កកស្ទះ និងប្រឈមនឹងគ្រោះថ្នាក់ដើម្បីស្វែងរកចំណូលផ្គត់ផ្គង់ដល់គ្រួសាររបស់ពួកគេ៕