កីឡា

ស៊ីហ្គេម២០២៣៖ CAMSOC អនុញ្ញាតឲ្យបាល់ទាត់ ប្រើប្រាស់ឯកសណ្ឋានផ្ទាល់របស់សហព័ន្ធ

image


ភ្នំពេញ៖ គណ:កម្មការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) បានអនុញ្ញាតជូនសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឲ្យប្រើប្រាស់ឯកសណ្ឋានកីឡារបស់សហព័ន្ធផ្ទាល់ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ នេះបើយោងតាម CAMSOC ប្រកាសជាផ្លូវការនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

ហេតុដូច្នេះ ក្នុងការប្រកួតវិញ្ញាសាបាល់ទាត់ ក្រុមជម្រើសជាតិកម្ពុជាទាំង២ក្រុម ពោលគឺក្រុមបុរស និងក្រុមនារី នឹងប្រើប្រាស់ឯកសណ្ឋានដែលផលិត និងផ្គត់ផ្គង់ដោយក្រុមហ៊ុន Varaman នៃ Collection ដែលកំពុងប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននេះ រួមមានដូចជា ឯកសណ្ឋានធ្វើដំណើរ ឯកសណ្ឋានហ្វឹកហាត់ និងឯកសណ្ឋានការប្រកួត។

ក្នុងឱកាសនេះ ​សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមថ្លែងអំណរយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ និងជាប្រធានគណ:កម្មការធិការជាតិ CAMSOC ដែលបានឯកភាពផ្ដល់សិទ្ធិឲ្យសហព័ន្ធបាល់ទាត់ បានប្រើប្រាស់នូវសម្ភារ ឬឯកសណ្ឋានផ្ទាល់ខ្លួន ដែលជាផលិតផលស្នាដៃរបស់ខ្មែរ ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិយើង នៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង៕

អត្ថបទ៖ វឿន សាវុធ