លោកស្រី ម៉ែន សំអន សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងកាត់ស្ទឹងសែន ខេត្តកំពង់ធំ
កំពង់ធំ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (សំពៅត្រៃលោកត្រៃលក្ខណ៍) ឆ្លងស្ទឹងសែន នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។ ស្ពាននេះតភ្ជាប់ពីឃុំត្បូងក្រពើ ស្រុកសន្ទុក ទៅឃុំព្រែកគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោកស្រី ម៉ែន សំអន មានប្រសាសន៍ថា សមិទ្ធផលស្ពានមួយនេះ ជាសមិទ្ធផលថ្មីមួយទៀតនាំមកនូវភាពសប្បាយរីករាយ យ៉ាងខ្លាំង សម្រាប់ប្រជាពលរដ្ឋ ទាំងអ្នករស់នៅសងខាងស្ទឹងសែន។ ប្រជាពលរដ្ឋនៅក្នុងតំបន់ជាប់ជើងស្ពានទាំងសងខាងការធ្វើដំណើររបស់ពួកគាត់ពីមុនមានការលំបាកយ៉ាងខ្លាំង ក្នុងការធ្វើដំណើរពីត្រើយម្ខាងទៅត្រើយម្ខាងទៀត ពោលគឺ ពួកគេត្រូវឆ្លងទូកដរ ឬធ្វើដំណើរវាងមកឆ្លងកាត់ ដែលជាហេតុធ្វើឲ្យខាតបង់ទាំងពេលវេលា និងថវិកា។
លោកស្រី ម៉ែន សំអន បានបន្តទៀតថា សមិទ្ធផលនេះមិនត្រឹមតែជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋរស់នៅទីនោះ ប៉ុណ្ណោះទេ តែក៏ចូលរួមចំណែកបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់មួយនេះ ជាពិសេសមកកាន់មជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក សំពៅត្រៃលក្ខណ៍ ដែលជាទីកន្លែងសម្រាប់ភ្ញៀវទេសចរណ៍មកកម្សាន្តគ្រប់រដូវកាល។ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានលះបង់ថវិកា និងសម្ភារដើម្បីយកមកសាងស្ពានថ្មសម្រាប់ឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ ប្រកបដោយសុវត្ថិភាព និងមានគុណភាពខ្ពស់។
សួមបញ្ជាក់ថា ស្ពានបេតុងនេះ បានសាងសង់ឡើងដោយវិស្វករកូនខ្មែរ និងត្រូវបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានប្រវែង ១៨០ម៉ែត្រ គុណនឹង ៨.៨ ម៉ែត្រ បានចំណាយថវិកាសាងសង់អស់ ១.៣លានដុល្លារ៕
អត្ថបទ៖ កែម ចិន្តា










