សង្គម

សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍមូលធនមនុស្សលើមុខជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា

image

អត្ថបទ លោក ហ៊ន សុភ័ក្រ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «រាជរដ្ឋាភិបាលផ្ដល់អាទិភាពចំពោះការអភិវឌ្ឍមូលធនមនុស្សលើមុខជំនាញបច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា តាមរយៈការលើកទឹកចិត្ដយុវជនជំនាន់ក្រោយឲ្យជ្រើសរើសមុខជំនាញ ការពង្រឹងគុណភាពអប់រំបណ្ដុះបណ្ដាលនៅគ្រប់កម្រិត ការអនុវត្តយុទ្ធសាស្ត្រទាក់ទាញ និងរក្សាបុគ្គលឆ្នើម ការពង្រឹងការស្រាវជ្រាវ និងការអភិវឌ្ឍ ការបង្កើតមូលនិធិស្រាវជ្រាវជាតិសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ »។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក«ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍» និងពិធីបើកសម្ពោធពិព័រណ៍វិទ្យាសាស្រ្ត បច្ចេក​វិទ្យា និងនវានុវត្តន៍កម្ពុជា-អន្តរជាតិ លើកទី១ ២០២៣។

សូមជម្រាបថា ទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» រៀបចំឡើងដោយក្រសួង​ឧស្សា​ហ​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នេះជាការរៀបចំជាលើកដំបូងហើយ​នៅកម្ពុជា ពោលមិនធ្លាប់មាននោះទេពីមុនមក។ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាការរួមចំណែកក្នុងការរួមគ្នាអនុវត្ត​គោល​នយោបាយ និងផែនទីបង្ហាញផ្លូវរបស់រាជរដ្ឋាភិបាល ដោយអនុលោមតាមក្រប​ខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣៥ និងសម្រាប់ប្រទេសកម្ពុជាត្រៀមខ្លួនក្នុងការក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រារព្ធឡើងរយៈពេល៣ថ្ងៃ គឺចាប់​ពី​ថ្ងៃ​ទី​២៦ ដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣។ ទិវានេះមានការអញ្ជើញចូលរួម​ពី​ស្ថាប័ន​​ពាក់​ព័ន្ធសរុបជាង ២០០ស្ថាប័ន ក្នុងនោះរួមមានក្រសួងពាក់ព័ន្ធ គ្រឹះស្ថាន​ឧត្តមសិក្សា និងស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ក្រុមហ៊ុនអាជីវកម្ម និង​សមាគមពាណិជ្ជកម្មជាដើម៕