ព័ត៌មានជាតិ

អ្នកបើកឡានបញ្ច្រាសលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលរង់ការរិះគន់យ៉ាងច្រើនកាលពីពេលថ្មីៗនេះ ត្រូវបានឃាត់ខ្លួន និងផាកពិន័យ

image


អត្ថបទ៖ គិន ច័ន្ទពុទ្ធិ
ភ្នំពេញ៖ ម្ចាស់រថយន្ត២គ្រឿង ដែលបានបញ្ច្រាសទិសចរាចរណ៍ លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានឃាត់ ដើម្បីអប់រំ និងផាកពិន័យតាមច្បាប់។ ម្ចាស់រថយន្តទាំង២នេះ បានប្រព្រឹត្តខុស កាលពីថ្ងៃទី១៩ និង២០ ខែមីនា ឆ្នាំ២០២៣។​ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រសួងសាធារណការ បានឲ្យដឹងថា ក្រុមការងារផ្លូវល្បឿនលឿន បានសហការជាមួយនគរបាលចរាចរណ៍ផ្លូវគោក បានឃាត់រថយន្ត និងអ្នកបើកបរ ដើម្បីអប់រំ និងផាកពិន័យតាមនីតិវិធីច្បាប់។

ក្រសួង បានសង្កត់ធ្ងន់ថា «ការបើកបរបញ្ច្រាសទិសចរាចរណ៍ មិនថានៅលើផ្លូវល្បឿនលឿន ឬផ្លូវប្រភេទណានោះទេ វាជាការបំពានច្បាប់ចរាចរណ៍យ៉ាងធ្ងន់ និងប្រមាថអាយុជីវិតខ្លួនឯង និងអ្នកដទៃ»។

ក្រសួងសាធារណការ បានអំពាវនាវយ៉ាងទទូចឲ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន កុំបើកបរបញ្ច្រាសទិសចរាចរណ៍។ ជាពិសេសប្រើប្រាស់គន្លងចរាចរណ៍ឲ្យបានត្រឹមត្រូវ និងចៀសវាងការប្រព្រឹត្តល្មើសនានា ដើម្បីចូលរួមរក្សាសុខសុវត្ថិភាពពេលធ្វើដំណើរទាំងអស់គ្នា៕