រដ្ឋមន្ត្រីកិច្ចការនារី៖ ស្រ្តីកម្ពុជា បច្ចុប្បន្នមានកាលានុវត្តភាព ក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍន៍ចំណេះដឹង ជំនាញ និងបច្ចេកទេស

ភ្នំពេញ៖ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា ក្រោមម្លប់នៃសន្តិភាព និងកិច្ចអភិវឌ្ឍន៍ ស្រ្តីកម្ពុជាជាកម្លាំងចលករ ដែលបានរួមចំណែកក្នុងកំណើនសេដ្ឋកិច្ច ហើយបច្ចុប្បន្ន ស្ត្រីមានកាលានុវត្តភាព ក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍន៍ចំណេះដឹង ជំនាញ និងបច្ចេកទេស ដែលជាមូលដ្ឋានគ្រឹះ ក្នុងការចូលរួមប្រកួតប្រជែង ប្រកបដោយសក្ដានុពល នៅក្នុងទីផ្សារសេដ្ឋកិច្ចថ្នាក់ជាតិ និងនៅក្នុងតំបន់ ហើយក៏ជាអ្នកទទួលបានភាគផល ពីកិច្ចអភិវឌ្ឍន៍គ្រប់វិស័យផងដែរ ដែលធ្វើឱ្យជីវភាពរស់នៅរបស់គេ និងគ្រួសារមានភាពប្រសើរឡើង រួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពភាពក្រីក្រ និងងាយរងគ្រោះ។
ការថ្លែងបែបនេះ លោកស្រីបានលើកឡើងនៅក្នុងឱកាសដែលក្រសួងកិច្ចការនារី បានរៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១២ ឆ្នាំ២០២៣ ក្រោមមូលបទ «ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល»។
លោកស្រីកិត្តិបណ្ឌិត បានគូសបញ្ជាក់ថា ឆ្នាំ២០២៣នេះ ការរៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបទី១១២ ក្នុងគោលបំណងបន្តរំលេចពី (១) តម្លៃនៃការចូលរួមរបស់ស្រ្តី ដែលមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព ខណៈពិភពលោកកំពុងជួបប្រទះភាពតានតឹង និងកម្ពុជាកំពុងតែគ្រប់គ្រង ឱ្យបាននូវសណ្តាប់ធ្នាប់ល្អ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលថ្មី ប្រកបដោយភាពសេរី និងយុត្តិធម៌ និង (២) រំលេចលើបរិវត្តកម្មសេដ្ឋកិច្ច-សង្គម ដែលកើតឡើង ក្នុងពិភពលោក ក៏ដូចនៅកម្ពុជាពន្លឿន ដោយវិបត្តិកូវីត-១៩ និងបដិវត្តឧស្សាហកម្ម៤.០ ដោយតម្រូវឲ្យធនធានស្ត្រី ត្រូវចាប់យកឱ្យទាន់សភាពការណ៍ ដើម្បីបន្ស៊ាំខ្លួន និងឆ្លើយតបទៅតម្រូវការបច្ចុប្បន្ន។
នៅក្នុងឱកាសនោះដែរ លោកស្រីរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជូនចំពោះ មន្ត្រីរាជការនៃក្រសួងកិច្ចការនារី ដែលបានរួមចំណែក នៅក្នុងការដឹកនាំភារកិច្ចរបស់ក្រសួង ប្រកបដោយសមិទ្ធផល និងលទ្ធផលផ្លែផ្កា គួរជាទីកត់សំគាល់ ដែលថ្នាក់ដឹកនាំកំពូល ពោលគឺសម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ។
ជាមួយគ្នានោះ លោកស្រី អ៊ឹង កន្ថាផាវី ក៏បានណែនាំឲ្យមន្ត្រីរាជការក្រោមឱវាទ ត្រូវរួមសាមគ្គីគ្នា ដើម្បីឲ្យបេសកកម្មរបស់ក្រសួង ទទួលបានជោគជ័យជាបន្តទៀត៕
អត្ថបទ៖ សន ពិសិដ្ឋ
