ខឹងអ្នកដឹកជញ្ជូនដឹកស្រាមកឱ្យយឺត បុរសបរទេសវាយអ្នកដឹកជញ្ជូនបែកក្បាល

ភ្នំពេញ៖ បុរសដឹកជញ្ជូនម្នាក់ ត្រូវជនបរទេសវាយបែកក្បាល ខណៈដឹកស្រាមួយដប យកទៅឱ្យយឺតពេលប្រហែល ៣នាទី ផ្អើលសម្ថកិច្ចប៉ុស្តិ៍បឹងកកេងកង១ ឃាត់ខ្លួនទៅសួរនាំទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។ ទីតាំងកើតហេតុស្ថិតនៅ ក្រោមខុនដូមួយកន្លែងដែលស្ថិតនៅផ្លូវ២៨៨ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីអ្នកដឹកជញ្ជូនដែលជាជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានទៅយកទំនិញ តាមការបញ្ជាទិញរបស់ភ្ញៀវ តាមរយៈ App ដោយទំនិញនោះគឺស្រាក្រហមមួយដប បន្ទាប់មកក៏បានដឹកស្រានោះឱ្យទៅភ្ញៀវ នៅចំណុចខុនដូកើតហេតុខាងលើ។
លុះមកដល់ចំណុចកើតហេតុ ក៏បានប្រគល់ទំនិញទៅភ្ញៀវបរទេសដែលបានបញ្ជាទិញនោះ ប៉ុន្តែបុរសបរទេសវ័យជាង៥០ឆ្នាំរូបនោះបានឱ្យលុយ ព្រមទាំងរិះគន់ ទៅកាន់អ្នកដឹកជញ្ជូន ដោយមើលងាយថាមកយឺតប្រមាណ ៣នាទី ធ្វើឱ្យខ្លួនខកខានក្នុងការទទួលទាន។
បុរសដឹកជញ្ជូនខាងលើបានបន្តថា ដោយសារតែខ្លួនហត់នឿយផង ព្រមទាំងទទួលបានពាក្យរអ៊ូរទាំ និងរិះគន់ថែមទៀត ក៏តបវិញពីបីម៉ាត់ ស្រាប់តែត្រូវបុរសបរទេស យកដបស្រាវាយមកលើខ្លួនតែម្តង។ ភ្លាមៗនោះខ្លួនបានគេចផុត បណ្តាលឲ្យដបស្រាត្រូវធ្លាក់បែកដល់ដី បន្ទាប់មកខ្លួនក៏ត្រូវបានបុរសបរទេសរូបនោះ ចាប់ទាញកន្ត្រាក់បោកផ្ទប់កញ្ចក់រថយន្តព្រូសមួយគ្រឿង បណ្តាលឲ្យបែកទាំងក្បាល បែកទាំងកញ្ចក់រថយន្តថែមទៀត។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទីតាំងកើតហេតុ និងនាំខ្លួនអ្នកទាំង២ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកេងកងទី១ ដើម្បីធ្វើការសួរនាំសាច់រឿង និងអនុវត្តទៅតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ឌីយ៉ាម៉ង់
