ស្រ្តីមេម៉ាយ ជាអ្នកលក់នំគូឆាយនៅផ្សារអូឡាំពិកបានបាត់បង់ជីវិត បន្ទាប់ពីរថយន្តបុក ប៉ើងជិត ៣០ម៉ែត្រ

ភ្នំពេញ៖ រថយន្តមួយគ្រឿង សង្ស័យស្រវឹងខ្លាំងបើកបរលឿនហួសកំណត់បានជ្រុលទៅបុកស្រ្តីអ្នកបើកបរម៉ូតូ បណ្តាលឱ្យប៉ើងទាំងម៉ូតូ និងមនុស្ស ជិត ៣០ម៉ែត្រ បាត់បង់ជីវិតភ្លាមៗ។
គ្រោះថ្នាក់ចរាចរណ៍ នេះកើតឡើងនាវេលាម៉ោង ៥ និង ២០នាទីព្រឹកព្រលឹម ត្រូវនិងថ្ងៃទី១៨ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវបំបែកជា បួន ទល់មុខនិងផ្សារក្រមួន តាមបណ្តោយផ្លូវជាតិលេខ ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ធូ សុធារី ( ជាស្រ្តីមេម៉ាយ ) អាយុ ៥៣ឆ្នាំ ភេទ ស្រី មានកូនប្រុសស្រី (៣នាក់) និងមាន មុខរបរ ជាអ្នកលក់នំគូឆាយ នៅផ្សារអូឡាំពិក មានទីកន្លែងស្នាក់នៅ ភូមិព្រែកតាលុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាកព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BA-3203 បើកបរក្នុងទិសដៅ ស្របគ្នា លុះមកដល់ចំណុចកើតហេតុ ជាផ្លូវបំបែកជាបួនក៏ស្រាប់តែរថយន្តបានទៅបុកម៉ូតូ មួយគ្រឿង ម៉ាក ហុងដាឌ្រីម ស៊េរី ២០១៣ ពណ៏ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CB- 2290 កំពុងតែធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ២ ដែលទើបនិងចេញពីផ្ទះ បណ្តាលឱ្យស្រ្តីជាអ្នកបើកម៉ូតូ ដែលត្រូវបានគេស្គាល់ថា ជាលក់នំគូឆាយនៅផ្សារអូឡាំពិច ប៉ើងជិត ៣០ម៉ែត្រពីកន្លែងកើតហេតុ បណ្តាលឱ្យស្លាប់ភ្លាមៗ។ ដោយរថយន្ត មិនទាន់អស់ល្បឿន ក៏បន្តទៅបុកទ្រូងពុះចែកផ្លូវ បណ្តាលឱ្យរថយន្តខូចខាតមួយកំណាត់មុខទាំងស្រុង។
ចំពោះជនបង្ក ប្រជាពលរដ្ឋបានប្រគល់ជូន ទៅសមត្ថកិច្ចប៉ុស្តិ៏ចាក់អង្រែក្រោម ដើម្បីធ្វើការសាកសួរបន្ថែម។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានមកដល់ទីតាំងកើតហេតុ និងបន្តទាក់ទងទៅកាន់ចរាចរណ៍ក្រុង ដើម្បីមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ រងចាំគ្នានៅពេលក្រោយ។ ចំណែកសព ក្រោយពេលសមត្ថកិច្ចធ្វើកោសល្យវិច្ឆ័យរួច ក៏បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ ឌីយ៉ាម៉ង់
