សង្គម

សភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មការរៀបចំពិព័រណ៍ Canton បានរួមគ្នាប្រារព្ធពិធីបើកសន្និសីទផ្សព្វផ្សាយស្តីពី ពិព័រណ៍ផលិតផលនាំចេញ-នាំចូលប្រទេសចិន លើកទី១៣៣

image


ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មការរៀបចំពិព័រណ៍ Canton ពិធីសន្និសីទផ្សព្វផ្សាយស្តីពី ពិព័រណ៍ផលិតផល នាំចេញ-នាំចូលប្រទេសចិនលើកទី១៣៣ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អ៊ុក ទី អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី តំណាងស្ថានទូតចិនប្រចាំនៅកម្ពុជា ក្រុមហ៊ុន វិនិយោគិន និងធុរជន ពីប្រទេសចិន និងកម្ពុជា។

គោលបំណងនៃសន្និសីទនេះ ដើម្បីផ្សព្វផ្សាយ និងអញ្ជើញក្រុមហ៊ុន កម្ពុជាចូលរួមពិព័រណ៍ផលិតផលនាំចេញ-នាំចូលប្រទេសចិនលើកទី១៣៣ ដែលជាព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏សំខាន់ ក្នុងការផ្លាស់ប្តូរទំនិញ សេវាកម្ម គម្រោងវិនិយោគ និងទេសចរណ៍រវាងធុរជន និងវិនិយោគិនមកពីគ្រប់តំបន់ក្នុងពិភពលោក។ ពិព័រណ៍នេះ ជាពិព័រណ៍ធំជាងគេនៅប្រទេសចិន ដែលប្រព្រឹត្តឡើងតាំងពីឆ្នាំ១៩៥៧ និងដើរតួយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់សេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងប្រទេសនានានៅទូទាំងពិភព។

លោក អ៊ុក ទី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា ពិព័រណ៍ផលិតផលនាំចេញ-នាំចូលចិន លើកទី១៣៣ កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នា អស់រយៈពេល ៦៥ឆ្នាំមកហើយ តាមរយៈទំនាក់ទំនងការទូតនេះភាគីទាំង២ កម្ពុជា-ចិន បានបង្កើនចំណងមិត្តភាពទ្វេភាគីកាន់តែរឹងមាំ និងស៊ីជម្រៅពីមួយឆ្នាំទៅមួយឆ្នាំ និងបានឈានឡើងមួយកម្រិតពីមិត្តភាពដែកថែប ទៅមិត្តភាពត្បូងពេជ្រ និងបានប្តេជ្ញារួមគ្នាកសាង វឌ្ឍនភាព វិបុលភាព និងការយល់ចិត្តថ្លើមគ្នា។ ចំណងមិត្តភាពនេះចាប់ផ្តើមមានអានុភាពខ្លាំងឡើងទ្វេដង និងទទួលបានផលប្រយោជន៍ទាំងសងខាង។ តាមរយៈគោលនយោបាយវិថីសូត្រ ខ្សែក្រវ៉ាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្ស៍ទី២១ រដ្ឋាភិបាលនៃប្រទេសយើងទាំង២ បានធ្វើកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រួមគ្នាលើវិស័យសំខាន់ៗ ដូចជា វិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការកសាងសមត្ថភាព តំបន់សេដ្ឋកិច្ចពិសេស វប្បធម៌ និង ទេសចរណ៍ ហិរញ្ញវត្ថុ និងការការពារអេកូបរិស្ថាន ហើយថ្មីៗនេះ កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំង២ កាន់តែរីក ចម្រើនមួយកម្រិតទៀត ដោយក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចិន សម្រេចបានជាង ១១,៦៨៦លានដុល្លារអាមេរិក កើនឡើងប្រមាណ៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

លោកបានរំឭកដល់គណៈកម្មការរៀបចំពិព័រណ៍ទំនិញនាំចេញ-នាំចូលចិន ហៅកាត់ថា Canton Fair ឲ្យបន្តការជួបជុំគ្នាប្រមូលកៀគរពាណិជ្ជករ ក្រុមហ៊ុនសហគ្រាសកម្ពុជាទៅចូលរួមឱ្យបានច្រើនថែមទៀត និងស្នើសុំការសហការគ្នាឱ្យបានស៊ីជម្រៅថែមទៀតជាមួយ ក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា ដើម្បីផ្លាស់ប្តូរបេសកកម្មពាណិជ្ជកម្មទៅវិញទៅមក ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ឱ្យបានច្រើនជាងមុនបន្ថែមទៀត។

ជាមួយគ្នានេះ លោក ចាង​ ស៉ឺហុង អនុប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មក្រៅប្រទេសចិន បានអះអាងថា ពិព័រណ៍ Canton Fair គឺជាមាត់ច្រកដ៏សំខាន់បើកចំហទៅក្រៅស្រុក និងវេទិកាពាណិជ្ជកម្មទៅក្រៅស្រុកដ៏សំខាន់ផងដែររបស់ប្រទេសចិន ដែលដើរតួយ៉ាងសំខាន់ដើម្បីជំរុញការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសចិន និងបរទេស ដោយបានប្រសិទ្ធិនាមថា “ពិព័រណ៍ចំណាត់ថ្នាក់លេខ១របស់ប្រទេសចិន”។

លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ពិព័រណ៍ផលិតផលនាំចេញនាំចូលប្រទេសចិនលើកទី១៣៣ ឬ Canton Fair ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំរបស់ចិន ដែលតែងរៀបចំឡើងជារៀងរាល់ឆ្នាំ។ ដោយឡែក រយៈពេលបីឆ្នាំចុងក្រោយនេះ ដោយសារបញ្ហាជំងឺកូវីដ-១៩ ទើបការតាំងពិព័រណ៍នៅទីតាំងផ្ទាល់ត្រូវបានផ្អាក ហើយជំនួសមកវិញដោយការតាំងពិព័រណ៍តាមប្រព័ន្ធអនឡាញ។ ពិព័រណ៍ Cantonនេះ មានអាយុកាលជាង ៦០ឆ្នាំមកហើយ និងមានសហគ្រាសទូទាំង ពិភពលោកចូលរួមតាំងពិព័រណ៍ជាង ៣ម៉ឺនក្រុមហ៊ុន សហគ្រាស ក្នុងនោះក៏មាន ក្រុមហ៊ុនលំដាប់ធំៗ ៥០០ របស់ចិនក៏ចូលរួមផងដែរ។

សូមបញ្ជាក់ថា សន្និសីទផ្សព្វផ្សាយនាព្រឹកនេះ ជាឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុនកម្ពុជា ទទួលបានព័ត៌មានពេញលេញពីអ្នករៀបចំពិព័រណ៍ដោយផ្ទាល់ និងអាចសាកសួរលម្អិតទៅលើផលិតផល ក៏ដូចជាសេវាកម្មផ្សេងៗនៃពិព័រណ៍នាំចេញនាំចូលប្រទេសចិន។ ហេតុនេះ ចំពោះក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ទៅលើវិស័យណាមួយ ផលិតផលណាមួយ ឬទៅលើក្រុមហ៊ុនចិនណាមួយ សូមទាក់ទងមកសភាណិជ្ជកម្មកម្ពុជា ដើម្បីក្រុមការងារជួយសម្របសម្រួលបានទាន់ពេលវេលា សភាពាណិជ្ជកម្មកម្ពុជានឹងជួយសម្របសម្រួលជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មក្រៅប្រទេសចិន ក្នុងការជំរុញឲ្យក្រុមហ៊ុនសហគ្រាសនៃប្រទេសទាំងពីរជួបពិភាក្សាគ្នា៕


ដោយ៖ អ៊ុន ផាន់ណាត់