ព័ត៌មានអន្តរជាតិ

ទីផ្សារនាំចេញផ្លែស្រកានាគ និងធុរេនវៀតណាមកំពុងជួបហានិភ័យ ក្រោយកសិករចិនដាំដុះជោគជ័យ

image


វៀតណាម៖ ផ្លែស្រកានាគរបស់វៀតណាមកំពុងប្រឈមនឹងហានិភ័យនៃការផ្គត់ផ្គង់លើសពីតម្រូវការ ស្របពេលតម្លៃធុរេនទំនងជានឹងធ្លាក់ចុះ ខណៈប្រទេសចិន ដែលជាគោលដៅនាំចូលផ្លែឈើច្រើនជាងគេពីប្រទេសវៀតណាម កំពុងបង្កើនទិន្នផលនៃប្រភេទផ្លែឈើទាំងពីរប្រភេទនេះនៅក្នុងស្រុកចិនរួចទៅហើយ។

កាលពីចុងខែកុម្ភៈ ចិនបានប្រកាសថា ទិន្នផលផ្លែស្រកានាគរបស់ខ្លួនបានកើនឡើងដល់ ១,៦ លានតោនក្នុងមួយឆ្នាំ ពោលគឺខ្ពស់ជាងទិន្នផលរបស់វៀតណាមរហូតដល់ ២០ម៉ឺនតោន។

យោងតាមស្ថិតិរបស់គយចិន បានបញ្ជាក់ថា ចិនមានតម្រូវការផ្លែស្រកានាគចំនួន ២លានតោន ក្នុងមួយឆ្នាំ។

ទាក់ទិននឹងផ្លែធុរេន ចិនបាននាំចូលផ្លែឈើប្រភេទនេះជាង ៨០ ម៉ឺនតោន ពីវៀតណាម ក្នុងរង្វង់ទឹកប្រាក់ប្រមាណជា ៤ ពាន់លានដុល្លារអាម៉េរិក កាលពីឆ្នាំមុន។

អ្នកជំនាញបានលើកឡើងថា ចិនអាចនឹងបន្ថយការនាំចូលផ្លែឈើទាំងប៉ុន្មានប្រភេទនេះ ពីប្រទេសវៀតណាម ដោយសារតែ កសិករចិននៅតំបន់ភាគខាងត្បូង ទទួលបានជោគជ័យក្នុងការដាំដុះផ្លែឈើប្រភេទនេះ ក្រោយទទួលរងបរាជ័យជាច្រើនឆ្នាំជាប់ៗគ្នា ។ ទន្ទឹមគ្នានេះ បណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មតំបន់ត្រូពិចចិននៃខេត្តហៃណាន បានរាយការណ៍ថា ចិនកំពុងដាំដុះធុរេននៅលើផ្ទៃដីជាង ២,០០០ ហិកតា ឬស្មើនឹង ៤៥,០០០ ដល់ ៧៥,០០០តោន ដោយរំពឹងថានឹងលក់នៅឆ្នាំ២០២៤ ខណៈដែលការដាំដុះនឹងបន្តពង្រីកទៅភាគខាងជើង ។

ប្រមាណជា ៩០% នៃផលិតផលកសិកម្មសំខាន់ៗរបស់វៀតណាម ជាពិសេសផ្លែស្រកានាគ ត្រូវបាននាំចេញទៅកាន់ប្រទេសចិន នេះបើយោងទៅតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយវៀតណាម ។
ដូច្នេះ ជុំវិញផែនការផ្គត់ផ្គង់ទិន្នផលកសិផលក្នុងស្រុករបស់ចិន បានធ្វើឱ្យមុខទំនិញកសិកម្មសំខាន់ៗរបស់វៀតណាមដែលនាំចេញទៅកាន់ទីផ្សារចិន កំពុងប្រឈមនឹងហានិភ័យនៃការផ្គត់ផ្គង់លើសពីតម្រូវការ និងធ្លាក់ថ្លៃខ្លាំង។
ប្រធានក្រុមហ៊ុន ហ័ងហាវ ដ្រាហ្កន ហ្វ្រ៊ូដ (Hoang Hau Dragon Fruit) លោក ចាង ង៉ុកហៀប (Tran Ngoc Hiep) បានអះអាងថា កាលពីឆ្នាំមុន ផ្លែស្រកានាគវៀតណាមនាំចេញទៅចិន ៣០០ កុងតឺន័រជារៀងរាល់ថ្ងៃ ប៉ុន្តែ គិតត្រឹមដើមឆ្នាំនេះ មិនដល់ ១០០ កុនតឺន័រផងក្នុងមួយថ្ងៃ ។

ក្រៅពី ស្រកានាគ ផ្លែធុរេនរបស់វៀតណាមក៏ត្រូវប្រកួតប្រជែងជាមួយផ្លែឈើប្រភេទដូចគ្នារបស់ប្រទេសថៃឡង់ដ៍ និងម៉ាឡេស៊ីផងដែរ នៅក្នុងទីផ្សារប្រទេសចិន ។

ប្រធានសមាគមធុរកិច្ចវៀតណាមនៅក្នុងប្រទេសចិន ផាន់ ធីចាមី (Phan Thi Tra My) បានលើកឡើងថា តម្រូវការផ្លែធុរេនរបស់ចិន នៅតែមានកម្រិតខ្ពស់ ប៉ុន្តែប្រសិនបើអ្នកនាំចេញវៀតណាម ផ្តោតសំខាន់លើបរិមាណច្រើនជាងគុណភាពនោះ ពួកគេនឹងពិបាកប្រកួតប្រជែងជាមួយប្រទេសថៃឡង់ដ៍ ម៉ាឡេស៊ី និងធុរេនចិនផ្ទាល់តែម្តង។

បច្ចុប្បន្ន វៀតណាមមានតំបន់ដាំទុរេនសម្រាប់នាំចេញទៅប្រទេសចិន ចំនួន ២៤៦ កន្លែង និងសរុបជាផ្ទៃដីប្រមាណជា ១២.០០០ ហិកតា។
យ៉ាងណាក៏ដោយ គិតត្រឹមដំណាច់ឆ្នាំ២០២២ ផ្ទៃដីដាំដុះផ្លែធុរេនសរុបនៅប្រទេសវៀតណាមបានឈានដល់ ១១ម៉ឺនហិកតា ខ្ពស់ជាងផែនការដំបូងប្រហែល ៣៥,០០០ ហិកតា ។ កសិករខ្លះបានយកផ្ទៃដីធ្វើស្រែ ក៏ដូចជាដាំដុះកាហ្វេ ម្រេច មកដាំធុរេនជំនួសវិញ ដោយបានធ្វើឱ្យគេបារម្ភថា ទិន្នផលធុរេននឹងកើនឡើងខ្លាំងលើសពីតម្រូវការ ។

ដោយឡែក យោងតាមនាយកដ្ឋានកែច្នៃ និងអភិវឌ្ឍន៍ផលិតផលកសិកម្មរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានឱ្យដឹងថា ប្រទេសចិនគឺជាគោលដៅនាំចេញផ្លែឈើវៀតណាមទាំងអស់ក្នុងរង្វង់ ៥៧.៥% ។
ការនាំចេញផ្លែឈើ និងបន្លែសរុបរបស់ប្រទេសវៀតណាម ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៣នេះ បានកើនឡើង ១៧.៨% ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងទំហំទឹកប្រាក់ ៥៩២លានដុល្លារ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VN Express