ព័ត៌មានជាតិ

នៅលើកំពូលភ្នំសំកុស មានបឹងអាថ៌កំបាំងមួយមិនមានអ្នកណាទៅដល់ ដែលគេហៅថា “ទន្លេផែន”

image


បាត់ដំបង៖ មន្ត្រីជាន់ខ្ពស់ នៃក្រសួងបរិស្ថាន បានធ្វើការចុះសិក្សាស្រាវជ្រាវនៅតំបន់ផ្ទៃទឹកបឹងដ៏ធំ និងមានសម្រស់ដ៏ស្រស់ស្អាត ដែលគេឱ្យឈ្មោះថា បឹង អូរជាំ ឬអ្នកខ្លះហៅថា “ទន្លេផែន” កំពុងស្ថិតនៅសភាពជាអាថ៌កំបាំង ដែលកំពុងលាក់ខ្លួនក្នុងព្រៃជ្រៅ និងយ៉ាងខ្ពស់នៅលើកំពូលជួរភ្នំសំកុស ដែលស្ថិតនៅក្នុងតំបន់ទឹកធ្លាក់ អូរជាំ នៃខេត្តបាត់ដំបង។

បេសកកម្មចុះស្រាវជ្រាវនេះ ដឹកនាំដោយ លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន, លោក ខ្វែ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន, ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង និងមន្ត្រីឧទ្យានុរក្ស ចុះពិនិត្យ និងសិក្សាសក្តានុពលធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

“ទន្លេផែន” ដែលបានបង្កប់ខ្លួនទៅទីយ៉ាងខ្ពស់ និងស្ថិតនៅក្នុងព្រៃយ៉ាងជ្រៅនេះ ស្ថិតនៅត្រង់លើកំពូលភ្នំអូរជាំ ដែល ជារមណីយដ្ឋានធម្មជាតិ នៅប៉ែកខាងលិចឆៀងខាងត្បូងទីរួមខេត្ដបាត់ដំបង មានចម្ងាយ ៨០គីឡូម៉ែត្រ ពីទីរួមខេត្ដ ស្ថិតក្នុងភូមិអូជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។

លោក កត បូរាន ប្រធានមន្ទីរបរិស្ថាន ខេត្តបាត់ដំបង បានឲ្យដឹងថា ការរកឃើញទ “ន្លេផែន” បឹងធម្មជាតិដ៏ធំ នៅលើកំពូលភ្នំសំកុស នឹងនាំឲ្យការពង្រឹងបន្ថែមទៀតលើការការពារ និងការអភិរក្សធនធានធម្មជាតិដ៏ល្អ និងមានសក្តានុពលសម្រាប់ទេសចរណ៍ធម្មជាតិថ្មីបន្ថែមទៀត ដែលផ្តល់ប្រយោជន៍បន្ថែមដល់សេដ្ឋកិច្ចជាតិ និងដល់សហគមន៍មូលដ្ឋាន។ ទីកន្លែងនេះមិនត្រឹមតែសម្បូរទៅដោយសក្តានុពលធម្មជាតិទេ តែនៅសម្បូរទៅដោយសត្វព្រៃពិសេសសត្វស្វា ទោច នៅពេលទៅដល់កន្លែងនេះវាបានស្រែកយំទ្រហឹងព្រៃតែម្តង។

លោកប្រធានមន្ទីររូបនេះ បានបញ្ជាក់បន្ថែមថា ទន្លេផែនមានប្រវត្តិដ៏យូរលង់ណាស់មកហើយ ដែលបង្កប់ទៅដោយអាថ៌កំបាំង។ តែពេលនេះក្រុមការងារបានចុះស្រាវជ្រាវឃើញដោយផ្ទាល់ពិតជាអស្ចារ្យ និងសង្ឃឹមថា ថ្ងៃខាងមុខនឹងក្លាយជាតំបន់ទេសចរណ៍សម្រាប់អ្នកដំណើរកម្សាន្តផ្សងព្រេង។ ទីបឹងធំវាពិតជាអស្ចារ្យនេះ មិនត្រឹមតែសម្បូរទៅដោយដើមឈើធំៗបង្ហាញនូវសម្រស់ស្រស់ត្រកាល ទេសភាពល្អឯកនោះទេ នៅជាទីកន្លែងបរិសុទ្ធគ្មាននរណាមកដល់បានដោយងាយឡើយ ដោយសារគ្មានផ្លូវ ត្រូវដើរកាត់ព្រៃភ្នំឡើងចុះតាំងពីព្រឹកព្រលឹមរហូតដល់ម៉ោង៥ល្ងាចទើបទៅដល់។

ទាក់ទិននឹងបឹងស្ថិតនៅលើកំពូលភ្នំ ហើយកម្រមានមនុស្សទៅដល់កន្លែងនេះ លោក វឹង វ៉ឺន អនុប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំ ដែលបានទៅដល់ទីកន្លែងបឹងមួយនេះ បានឱ្យដឹងថា លោកធ្លាប់ជូនដំណើរ អ្នកស្រាវជ្រាវ និងអ្នកដំណើរកម្សាន្តផ្សងព្រេងទៅដែរ ប៉ុន្តែមិនញឹកញាប់ទេ ពោលគឺ ១ឆ្នាំ ឬ២ឆ្នាំ ទើបបានឡើងទៅម្តង។ កន្លងមកមានអ្នកស្រាវជ្រាវតិចតួចបានទៅដល់បឹងនេះ ព្រោះការធ្វើដំណើរជួបការលំបាកខ្លាំង និងឆ្ងាយផង។ បឹងនេះផ្តល់សក្តានុពលធនធានទឹកយ៉ាងសម្បើម ថែមទាំងមានសក្តានុពលទាក់ទាញផ្នែកទេសចរណ៍ថែមទៀត។
អតីតកងទ័ពខ្មែរក្រហមរូបនេះ បានឱ្យដឹងបន្ថែមថ ទេសភាពនៅតំបន់បឹងកន្លែងនេះ ពិតជាស្រស់ស្អាតខ្លាំង មានព្រៃស្រោង មានសត្វច្រើនប្រភេទ ពិសេសសត្វស្វា សត្វទោច នៅពេលម៉ោង ៤រសៀល សត្វទោចស្រែកយំទ្រហឹងអឺងកងតែម្តង។ សត្វទោចមានទាំងព៌ណប្រផេះ ខ្មៅ និងខ្លះស។ បើចង់ថតសត្វទោច ឬស្វាអាចទៅកាន់កន្លែងនេះបាន។ ក្រៅពីនេះក៏សម្បូរទៅដោយឱសថបុរាណច្រើនប្រភេទ គេអាចយកមកធ្វើថ្នាំបុរាណព្យាបាលរោគជំងឺក៏មិនចេះខ្វះដែរ។

ទាក់ទិនក្នុងរឿងនេះដែរ លោក គឹម សុង ប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំ បានឱ្យដឹងថា ទឹកធ្លាក់អូរជាំ ជាទីកន្លែងទឹកធ្លាក់ដ៏ល្អឯកមួយកន្លែង ដែលមានទឹកហូរមិនចេះរីងស្ងួតឡើយ ដោយសារបានមកពីប្រភពទឹកបឹងដ៏ធំមួយកន្លែងនេះ។ ទឹកបឹងនេះគេឱ្យឈ្មោះថា បឹងអូរជាំ ឬអ្នកខ្លះហៅថា ទន្លេផែន។ ទឹកធ្លាក់ចុះមកពីលើភ្នំដែលមានប្រភពមកពីបឹងដ៏ធំទំហំប្រមាណជិត ៣ហិចតា មានជម្រៅប្រមាណ ២០-៣០ម៉ែត្រ ដោយបានបង្ហូរទម្លាក់កាត់តាមផ្ទាំងថ្មធំៗជាច្រើនដំណាក់ មកក្រោមបង្កើតជាផ្ទាំងទស្សនីយភាពគួរឱ្យគយគន់៕