ព័ត៌មានជាតិ

កម្ពុជាស្នើភាគីថៃពន្លឿនការងារសាងសង់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធសម្រាប់ច្រកព្រំដែនអន្តរជាតិថ្មី ស្ទឹងបត់-បានណងអៀន

image


អត្ថបទ៖ គិន ច័ន្ទពុទ្ធិ
ភ្នំពេញ៖ ថ្លែងក្នុងជំនួបជាមួយលោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២០ ខែកុម្ភៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណ
ការ និងដឹកជញ្ជូន បានលើកឡើងអំពី វឌ្ឍនភាពការងារសាងសង់ស្ថានីយច្រកព្រំដែនអន្តរជាតិថ្មី ស្ទឹងបត់ ក្រុងប៉ោយប៉ែត និងច្រកព្រំដែនអន្តរជាតិ បានណងអៀន ស្រុកអារញ្ញប្រាថេត ដោយបានបញ្ជាក់ថា វឌ្ឍនភាពគម្រោងការងារនេះ គឺមានសន្ទុះទៅមុខដូចដែលមានក្នុងផែនការ និងរំពឹងទុកថាការបើកឱ្យដំណើរការ នូវច្រកព្រំដែនអន្តរជាតិថ្មី សម្រាប់ការដឹកជញ្ជូនធុនធ្ងន់ ឆ្លងកាត់ព្រំដែនរវាងប្រទេសកម្ពុជា និងថៃមួយនេះ នឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ និងកាត់បន្ថយការកកស្ទះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានមួយចំណែកធំ។ 

ជាមួយគ្នានោះដែរលោកទេសរដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីថៃ ពន្លឿនការងារសាងសង់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ សំដៅឈានទៅរកការបើកឱ្យដំណើរការជាផ្លូវការច្រកទ្វារអន្តរជាតិទ្វេរភាគីមួយនេះបាននាពេលដ៏ខ្លីខាងមុខនេះ។

ក្នុងជំនួបនេះដែរ លោកទេសរដ្ឋមន្ត្រី បានជម្រាបអំពីការពិនិត្យគម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មដា ដើម្បីឈានទៅដល់ការបើកច្រកព្រំដែនអន្តរជាតិថ្មីមួយនេះរវាងប្រទេសកម្ពុជា-ថៃនាពេលអនាគត ដើម្បីប្រែក្លាយខ្សែបន្ទាត់ព្រំដែនមួយនេះ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសមួយដូចច្រកអន្តរជាតិផ្សេងៗទៀតដែរ តាមរយៈដំណើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងការដោះដូរទំនិញគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ៕