ឆ្នាំ ២០២២ ក្រសួងសាធារណការរកចំណូលពីការលក់ផ្លាកលេខពិសេស និងលេខរាជធានី-ខេត្ត ជាង ៨៤ប៊ីលានរៀល
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើសកម្មភាពចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួន និងចុះបញ្ជីផ្លាកលេខពិសេសរាជធានី-ខេត្តជិត បាន ៤ម៉ឺនផ្លាកលេខ ដោយទទួលចំណូលបានជាង ៨៤ប៊ីលានរៀល ក្នុងរយៈពេល១ឆ្នាំពេញនៃឆ្នាំ២០២២កន្លងទៅនេះ។
ការលើកឡើងឲ្យដឹងបែបនេះរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ថាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារ ណការ និងដឹកជញ្ជូន ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន លើប្រធានបទ “បន្តលើកកម្ពស់គុណភាព នៃការកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូន ប្រកបដោយប្រសិទ្ធភាព ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍធនធានមនុស្ស” នៅថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២៣។
លោកទេសរដ្ឋមន្ដ្រី បានអះអាងថា ចាប់តាំងពីបើកដំណើរការចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួន តាមប្រព័ន្ធស្វ័យប្រវត្តិកម្មនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ មកដល់ដំណាច់ខែធ្នូ ឆ្នាំ២០២២ គណៈកម្មការអន្តរក្រសួងចុះបញ្ជីបាន ១៦.១៣២ផ្លាក និងទទួលបានចំណូលជាង ១១៤ប៊ីលានរៀល។
លោកទេសរដ្ឋមន្ដ្រី បានបន្ថែមទៀតថា ក្នុងចំណោមផ្លាកលេខទាំងជិត ៤ម៉ឺននេះ គឺការចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនបានចំនួន ៧១២៥ផ្លាក បានចំណូល ៤៤ប៊ីលានរៀល។ ចំណែក ការចុះបញ្ជីផ្លាកលេខពិសេស (លេខរាជធានី-ខេត្ត) បានចំនួន ៣១.៧៥៦ផ្លាក និងបានចំណូលជាង ៤០ប៊ីលានរៀល៕
អត្ថបទ៖ ចេង ឆហួត
