ព័ត៌មានអន្តរជាតិ

ក្រុមឧទ្ទាមហ៊ូទី (Houthis) ក្នុងប្រទេសយេម៉ែនត្រូវបានចោទប្រកាន់ថាកំពុងលក់ជំនួយស្បៀងអាហារនៅទីផ្សារងងឹត

image

យេមែន៖ ទោះបីជាមានការចុះបញ្ជីត្រឹមត្រូវសម្រាប់ជនដែលត្រូវទទួលបានជំនួយសង្គ្រោះយ៉ាងណាក៏ដោយ ក៏ប្រជាជនយេម៉ែន ដែលកំពុងរស់នៅ ដោយផ្លាស់ទីលំនៅបានត្អូញត្អែរថា ពួកគេមិនទទួលបានជំនួយស្បៀងអាហារសម្រាប់រយៈពេលប៉ុន្មាន ខែកន្លងមកហើយ ។ការលើកឡើងរបស់ពលរដ្ឋយេមែននេះ ធ្វើឡើងចំពេលដែលកើតមានការចោទប្រកាន់ប្រឆាំងនឹង ក្រុមឧទ្ទាមហ៊ូទី ក្នុងប្រទេសនេះថា បានររឹបអូសនិងបានលក់ជំនួយស្បៀងអាហារទាំងនោះទៅឱ្យទីផ្សារងងឹត។

ប្រតិកម្មនឹងការចោទប្រកាន់នេះ លោក Qassim al-Houthi មន្រ្តីជាន់ខ្ពស់របស់ក្រុមឧទ្ទាមហ៊ូទី បានចេញមុខមកបដិសេធ ហើយបានប្រាប់សារព័ត៌មាន Associated Press (AP) នៅក្នុងបទសម្ភាសន៍មួយនៅក្នុងទីក្រុង Sanaa ថា គ្មានឯកសារឬ ភស្តុតាងណាមួយ ដែលបង្ហាញថា ក្រុមខ្លួនបានលួចជំនួយមនុស្សធម៌នេះទេ។

បើយោងតាមការស៊ើបអង្កេតសារព័ត៌មាន Associated Press (AP) បានរកឃើញថា កញ្ចប់ជំនួយស្បៀងអាហាររាប់ពាន់ ដែលគ្រប់គ្រងដោយ ក្រុមឧទ្ទាមហ៊ូទី ត្រូវបានគេលួច ហើយត្រូវបានយកទៅលក់នៅ ក្នុងទីផ្សារងងឹត ដើម្បីទទួលបានប្រាក់ ចំណេញ ឬលក់ទៅឱ្យអ្នកមានអំណាច។

ការស៊ើបអង្កេតក៏បានរកឃើញ មានការបំភិតបំភ័យពីសំណាក់ក្រុមឧទ្ទាមហ៊ូទី ទៅលើបុគ្គលិកអង្គការសហប្រជាជាតិ ដែលក្នុងនោះកងជីវពលរបស់ក្រុមឧទ្ទាមនេះ បានដកហូតលិខិតឆ្លងដែនរបស់មន្ត្រីទាំងនោះដើម្បីជាគំរាម និងមធ្យោបាយ គ្រប់គ្រងពួកគេ។

ទោះយ៉ាងណាក៏ដោយ ភ្នាក់ងារអន្តរជាតិ ដូចជាកម្មវិធីស្បៀងអាហារពិភពលោក ដែលផ្តល់អាហារដល់មនុស្សជិត ៨ លាននាក់ ជារៀងរាល់ខែនោះ កំពុងបន្តចែកនំប៉័ងនិងម្ហូបអាហារ ភាគច្រើនកាន់តំបន់ភាគខាងជើងប្រទេសយេម៉ែ ដែលគ្រប់គ្រងដោយ វ ដែលមានប្រជាជនយេមែនរស់នៅជាង ៧០ភាគរយ៕