សង្គម

កម្ពុជា គ្រោងចំណាយ ៥៥០លានដុល្លារ លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពាន ចំនួន ៦គម្រោង នៅឆ្នាំនេះ

image


ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងចំ ណាយ ៥៥០លានដុល្លារអាមេរិក នៅឆ្នាំ ២០២៣នេះ សម្រាប់អភិវឌ្ឍន៍លើគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៅក្នុងប្រទេស ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយការកកស្ទះចរាចរណ៍ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

របាយការណ៍បញ្ជាក់ថា វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចំនួន ៦គម្រោង គឺ៖ គម្រោងសាងសង់ស្ពានទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា), គម្រោងលើកកម្រិតកំណាត់ផ្លូវជាតិលេខ ៣ (គ.ម.លេខ ១៨១+១០០វាលរេញ), គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ ៥ (ជំហានទី២), គម្រោងធ្វើឲ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ ៥ ពីធ្លាម្អម ខេត្តពោធិ៍សាត់-ក្រុងបាត់ដំបង និងពីក្រុងសិរី-សោភ័ណ-ក្រុងប៉ោយប៉ែត (កញ្ចប់ឥណទានទី៣), គម្រោងកែលម្អការតភ្ជាប់ជនបទ និងគម្រោងកែលម្អការតភ្ជាប់ជនបទភូមិភាគឦសាន។

តាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា នៅឆ្នាំ ២០២៣នេះ រាជរដ្ឋាភិបាល គ្រោងបង្កើនបញ្ចប់ថវិកាចំណាយរបស់ជាតិឲ្យដល់ ៩,៦ពាន់លានដុល្លារអាមេរិក កើនឡើង ១៣% បើធៀបនឹងច្បាប់ថវិកាជាតិឆ្នាំ ២០២២។

រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងការអភិវឌ្ឍន៍ផែនការមេភស្តុភារកម្ម នៅទូទាំងប្រទេសប្រ មាណ ៣៣២គម្រោង ជាមួយនឹងទឹកប្រាក់វិនិយោគប្រមាណ ៤៨ពាន់លានដុល្លារអាមេរិក៕