ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២២សម្លាប់មនុស្សជាង ១៧០០នាក់ និងបញ្ជូនអ្នកល្មើសទៅតុលាការជាង ៣០០នាក់

image


ភ្នំពេញ៖ ក្នុងឆ្នាំ២០២២កន្លងទៅ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើងចំនួន ២៩៧៦ករណី បណ្ដាលឲ្យស្លាប់ចំនួន ១៧០៩នាក់ និងរងរបួសជាង ៤ពាន់នាក់។ អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ចាម។ នេះបើយោងតាមការឱ្យដឹងពី លោកស្រី មឹន មាណវី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(គ.ស.ច.គ) ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងាឆ្នាំ២០២៣ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។

លោកស្រី មឹន មាណវី បានបញ្ជាក់ថា មូលហេតុបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍គឺ ការបើកបរដោយលើសល្បឿនកំណត់ មិនគោរពសិទ្ធិ មិនប្រកាន់ស្ដាំ វ៉ាជែង បត់ ស្រវឹង កត្តាយានយន្ត និងងងុយ។ ក្នុងចំណោមជនរងគ្រោះជិះម៉ូតូសរុបជាង ៤ពាន់នាក់ ជនរងគ្រោះមិនពាក់មួកសុវត្ថិភាពជាង ៣ពាន់នាក់ ដែលភាគច្រើនមិនពាក់នៅពេលយប់។ ទន្ទឹមនេះ ក៏បានបញ្ជូនករណីគ្រោះថ្នាក់ចរាចរណ៍ទៅតុលាការចំនួន ១០២៧ករណី បានដោះស្រាយចំនួន ១២១ករណី កំពុងអង្កេតចំនួន ៦៦៤ករណី បញ្ជូនជនល្មើសទៅតុលាការចំនួន ៣១៦នាក់។

លោកស្រីអគ្គលេខាធិការ បានឱ្យដឹងដែរថា សមត្ថកិច្ចបានត្រួតពិនិត្យយានយន្តសរុបចំនួនជាង ១លានគ្រឿង រកឃើញយានយន្តល្មើស និងពិន័យជាង ១៤ម៉ឺនគ្រឿង ពិន័យបានថវិកា ១២ពាន់ ៤រយ ៥៤លានរៀល។ ចំពោះដំណើរការសាកល្បងធ្វើការពិន័យ និងដកពិន្ទុបណ្ណបើកបរដោយឧបករណ៍បច្ចេកទេស គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ទី៣១ ខែធ្នូ ឆ្នាំ២០២២ សរុបចំនួនជាង ៨៥០០នាក់(ស្រី ៤៨៩នាក់)៕

អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា