ព័ត៌មានជាតិ

ជិត៤ខែ រថយន្តធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ជិត១,៥លានគ្រឿង 

image


អត្ថបទ៖ ចេង ឆហួត
ភ្នំពេញ៖ ក្នុងរយៈពេលជិត៤ខែ ចាប់ពីដើមខែតុលា ឆ្នាំ២០២២ មកទល់ចុងខែមករា ឆ្នាំ២០២៣នេះ មានយានយន្តធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ជិត ១,៥លានដង។

ក្នុងចំណោមរថយន្តធ្វើដំណើរទាំង១,៥លានគ្រឿងនេះ ក៏មានគ្រោះថ្នាក់ចរាចរណ៍៧០ករណី ប៉ុន្តែពុំមានការបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬបាត់បង់អាយុជីវិតឡើយ។  នេះបើយោងតាមក្រសួងសាធារណការនិងដឹកជញ្ជូន  ចុះផ្សាយនាថ្ងៃទី២៧ ខែមករា ។

បើទោះជានៅក្នុងមួយរយៈពេលចុងក្រោយនេះ ការផ្តល់សេវាប្រើប្រាស់ផ្លូវល្បឿនលឿន ត្រូវបានប្រព្រឹត្តទៅបានល្អ និងមិនមានការកកស្ទះជាទៅកត់សម្គាល់ក្តី ក៏ក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំ របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើបន្តយកចិត្តទុកដាក់ខ្ពស់លើ ការសម្រួលលំហូរចរាចរណ៍ ឱ្យកាន់តែមានភាពប្រសើរឡើង តាមរយៈការដាក់ចេញនូវវិធានការនានា និងការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈជាប្រចាំ។ នេះបានបង្ហាញឱ្យឃើញពីលទ្ធផលជាវិជ្ជមាន កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការ កាត់បន្ថយការចំណាយ កាត់បន្ថយពេលវេលាធ្វើដំណើរនិងដឹកជញ្ជូនទំនិញ ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ យ៉ាងមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងចំនួន១៨៧,០៥គីឡូម៉ែត្រ មានច្រកចេញចូលចំនួន៨ ត្រូវបានដាក់ប្រើប្រាស់សាកល្បងកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ និងសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកនាយករដ្ឋមន្ត្រីចិន៕