សេដ្ឋកិច្ច

បារាំង បង្ហាញបំណងស្វែងរកឱកាសវិនិយោគរថភ្លើងល្បឿនលឿនពីភ្នំពេញទៅហូជីមិញ និងបាងកក និងវិស័យដទៃទៀតនៅកម្ពុជា

image


អត្ថបទ៖ ចេង ឆហួត
ភ្នំពេញ៖ បារាំង បានបង្ហាញបំណងស្វែងរកឱកាសវិនិយោគរថភ្លើងល្បឿនលឿនពីភ្នំពេញទៅហូជីមិញ និងពីភ្នំពេញទៅបាងកក, វិស័យដឹកជញ្ជូនតាមផ្លូវទឹក, ផ្លូវគោក និងអាកាស, សំណង់, ថាមពលកកើតឡើងវិញ និងវិស័យដទៃទៀត។ នេះបើផ្អែកតាមការអះអាងរបស់លោករដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង។

លោក អូលីវេ្យ បិច រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញវិនិយោគិន និងជនជាតិបារាំងនៅបរទេស បានប្រាប់ក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅស្ថានទូតបារាំង ថា នៅក្នុងមួយឆ្នាំៗ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងបារាំង មានទឹកប្រាក់ជាង ១ពាន់លានអឺរូ ខណៈដែលទៅថ្ងៃអនាគតបារាំងនឹងប្តេជ្ញាបង្កើនទំហំទឹកប្រាក់ឲ្យកើនជាងនេះបន្ថែមទៀត។

លោកបន្តថា បារាំងនឹងស្វែងរកឱកាសវិនិយោគលើវិស័យសណ្ឋាគារ, ព្រលានយន្តហោះ, កសិកម្ម, កសិ-ឧស្សាហកម្ម និងរោងចក្រផលិតទឹកស្អាតនៅបាក់ខែង ជាដើម។ បច្ចុប្បន្ន បារាំងមានប្រហែល ១៥០ក្រុមហ៊ុន ដែលកំពុងតែរកស៊ីនៅកម្ពុជាដែលបានចុះបញ្ជីក្នុងក្រសួងពាណិជ្ជកម្មកម្ពុជានិងបារាំង រីឯកម្ពុជាក៏មានក្រុមហ៊ុនច្រើនណាស់ដែរ ដែលកំពុងរកស៊ីនៅក្នុងប្រទេសបារាំង។

លោកបានគូសបញ្ជាក់ថា តាមពិតទៅ ប្រទេសបារាំងចង់យកប្រទេសកម្ពុជា ឲ្យក្លាយទៅជាច្រកចូលមួយរបស់ខ្លួន គឺចូលមកអាស៊ានតាមរយៈប្រទេសកម្ពុជា ដើម្បីចែកចាយទំនិញឬផលិតផលរបស់ខ្លួនទៅកាន់បណ្តាប្រទេសអាស៊ាន ដោយសារនៅកម្ពុជា មានចំណងមិត្តភាពជាប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយជាមួយបារាំង។ ម្យ៉ាងវិញទៀត កម្ពុជាមានអ្នកចេះប្រើប្រាស់ភាសាបារាំងច្រើនជាងបណ្តាប្រទេសផ្សេងៗ ទាំងនៅអាស៊ាន និងពិភពលោក ដែលជាហេតុនាំឲ្យបារាំងកៀគរវិនិយោគិនមកបណ្តាក់ទុនរកស៊ីច្រើននៅកម្ពុជា។

លោកបានបន្ថែមថា ក្រុមហ៊ុនកម្ពុជា ក៏អាចពឹងលើក្រុមហ៊ុនរបស់បារាំងផងដែរ ដើម្បីអាចនាំចេញទំនិញឬក៏ផលិតផលរបស់ខ្មែរទៅកាន់ទីផ្សារអឺរ៉ុប និងអាហ្វ្រិក ដោយសារមានក្រុមហ៊ុនបារាំងជាច្រើន ដែលបានរកស៊ីនៅទីនោះផងដែរ៕