ព័ត៌មានជាតិ

រដ្ឋមន្ត្រីជាន់ខ្ពស់ក្រសួងអឺរ៉ុប ជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា បារាំងត្រៀមខ្លួនជាស្រេចក្នុងការជួយ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យមួយចំនួន

image


ភ្នំពេញ៖ លោក អូលីវេ្យ បិច (Olivier Becht) រដ្ឋមន្ត្រីប្រតិភូ នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញវិនិយោគិន និងជនជាតិបារាំងនៅបរទេស បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា បារាំងត្រៀមខ្លួនជាស្រេចក្នុងការជួយ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យមួយចំនួន។ ការសន្យានេះ ក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ លោក អូលីវេ្យ បិច ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

ក្នុងជំនួបនោះលោកបានថ្លែងអំណរគុណជូនសម្តេចតេជោ ហ៊ុន សែន ចំពោះការកសាងស្តូបរំឭកដល់វរជនកម្ពុជា បារាំង ដែលបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី១។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «នេះគឺជានិមិត្តរូបនៃមិត្តភាព និងសាមគ្គី ភាពរវាងកម្ពុជា និងបារាំង»។ មិត្តភាពកម្ពុជា និងបារាំងគឺចាប់ផ្ដើមចេញពីវប្បធម៌ ហើយតាមរយៈវប្បធម៌នេះ បានធ្វើការពង្រីកទៅកាន់វិស័យដទៃទៀត ដូចជាវិស័យអប់រំ វិស័យវិនិយោគ វិស័យបរិស្ថាន វិស័យហេដ្ឋារចនាសម្ព័ន្ធ រថភ្លើងល្បឿនលឿន វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម កសិកម្ម»។

លោក អូលីវេ្យ បិច បានថ្លែងអំណរគុណជូនសម្តេចតេជោ ហ៊ុន សែន ចំពោះការកសាងស្តូបរំឭកដល់វរជនកម្ពុជា បារាំង ដែលបានពលីជីវិតក្នុងសង្គ្រាមលោកលើកទីមួយ។ នេះគឺជានិមិត្តរូបនៃមិត្តភាព និងសាមគ្គី ភាពរវាងកម្ពុជា និងបារាំង។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការរីករាយចំពោះទំនាក់ទំនងកិច្ចសហប្របត្តិការរវាងកម្ពុជា និងបារាំង ជាពិសេសបន្ទាប់ពីជំនួបរវាងសម្តេច ជាមួយនឹងប្រធានាធិបតីបារាំងកាលពីពេលថ្មីៗកន្លងទៅ។ សម្តេចបានមានប្រសាសន៍ថា «រូបសំណាកដែលកម្ពុជាកំពុងត្រៀមសាងសង់ បានសាងសង់ឡើងកាលពីឆ្នាំ១៩២៥ តែត្រូវបំផ្លាញចោលនៅក្នុងសម័យប៉ុលពត។ សម្តេចបន្តថា «រូបសំណាកនោះ គឺជានិមិត្តរូបនៃមិត្តភាព និងសមិទ្ធផល នៃទំនាក់ទំនងប្រទេសទាំងពីរ»។ ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនបារាំងដែលកន្លងមកតែងតែជួយដល់កម្ពុជា។

សូមបញ្ជាក់ថា លោក អូលីវេ្យ បិច កំពុងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសបារាំង និងកម្ពុជា។ ទស្សនកិច្ចនេះ មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៤ និង២៥ ខែមករា ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមនដ្ត្រីកម្ពុជា និងលោកប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង នៅទីក្រុងប៉ារីស៍ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២៕

អត្ថបទ៖ ហ៊ន សុភ័ក្រ