ព័ត៌មានអន្តរជាតិ

លោក Joe Biden ស្នើសភាឱ្យបញ្ជូនសំណើច្បាប់ស្តីពីការហាមឃាត់ការប្រើប្រាស់កាំភ្លើងទៅកាន់ការិយាល័យរបស់លោកឱ្យបានលឿន

image


សហដ្ឋអាម៉េរិក៖ បន្ទាប់ពីករណីឃាតកម្មដោយបាញ់ប្រហារដ៏សាហាវ រហូតបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៨ នាក់បានស្លាប់រួចមក នៅថ្ងៃអង្គារសប្តាហ៍នេះ លោកប្រធានាធិបតី Joe Biden បានអំពាវនាវដល់សភាអាម៉េរិកឱ្យបញ្ជូនសំណើច្បាប់ស្តីពីការហាមឃាត់ការប្រើប្រាស់កាំភ្លើង ទៅកាន់ការិយាល័យរបស់លោកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ក្នុងជំនួបជាមួយមេដឹកនាំសភាមកពីគណបក្សប្រជាធិបតេយ្យ ប្រមុខដឹកនាំលោក Joe Biden បានមានប្រសាសន៍ថា សមាជិកព្រឹទ្ធសភារដ្ឋកាលីហ្វ័រញ៉ា លោក Dianne Feinstein កាលពីម្សិលមិញ បានណែនាំច្បាប់នេះសាឡើងវិញរួចហើយដែរ ។

អំឡុងព្រឹត្តិកាណ៍បាញ់ប្រហារពីរផ្សេងគ្នាក្នុងរយៈពេល ៣ថ្ងៃ បានបណ្តាលឱ្យមនុស្ស ១១នាក់បានស្លាប់ក្នុងថ្នាក់រៀនរាំមួយ ក្នុងតំបន់ឧទ្យានម៉ុនធើរី ទីក្រុង Los Angeles ចំណែកឯមុនស្ស ៧នាក់ផ្សេងទៀត បានស្លាប់ក្នុងកសិដ្ឋានចំនួន ២កន្លែង ក្នុងទីក្រុងជាប់មាត់សមុទ្រ Half Moon Bay ក្បែរទីក្រុង San Francisco ។

ជាមួយគ្នានេះ អាជ្ញាធរបានអះអាងថា ខ្លួននៅតែព្យាយាមកំណត់ពីមូលហេតុពិតប្រាកដដែលបណ្តាលឱ្យកើតមានការបាញ់ប្រហារទាំងពីរករណីនេះ ខណៈករណីបាញ់ប្រហារធំៗបែបនេះ បានក្លាយជាទម្លាប់ទៅហើយនៅសហរដ្ឋអាម៉េរិក ។
អាជ្ញាធរ បានបន្ថែមថា ជនសង្ស័យក្នុងការវាយប្រហារទាំងពីរលើកនេះ គឺជាបុរសដែលមានអាយុចូលនិវត្តន៍ និងមានវ័យចាស់ជាងជនល្មើសធម្មតាជុំវិញករណីបាញ់ប្រហារដ៏សាហាវផ្សេងៗទៀត ។

រដ្ឋកាលីហ្វ័រញ៉ា មានច្បាប់ហាមប្រាមកាំភ្លើងច្រើនជាងគេបំផុតនៅសហរដ្ឋអាម៉េរិក ស្របពេលដែលអាម៉េរិកជាប្រទេសដែលអនុញ្ញាតឱ្យប្រជាជនមានសិទ្ធិកាន់កាំភ្លើងជាលក្ខណៈឯកជន ក្នុងអត្រាខ្ពស់បំផុតមួយនៅលើពិភពលោក ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect